Keisuke Honda និយាយទៅកាន់កីឡាករកម្ពុជា៖ «ដើម្បីទៅដល់អ៊ីរ៉ង់ សូមប្រកាន់គោលជំហរជាកីឡាករអាជីព»

មាស សុផាណារ៉ុង October 11, 2019


 

អ៊ីរ៉ង់៖ លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានផ្ដាំកីឡាករឲ្យប្រកាន់គោលជំហរជាកីឡាករអាជីពដាច់ខាត ដើម្បីអាចឈានទៅដល់កម្រិតដូចអ៊ីរ៉ង់ បន្ទាប់ពីទទួលរងបរាជ័យធ្ងន់ក ក្រោមថ្វីជើងក្រុមនេះ ១៤ទល់០ ក្នុងជំនួបក្នុងជំនួបទី៣ ប្រចាំពូល C វគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និងពានរង្វាន់ជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup qualification )។

និយាយនៅក្រោយចប់ការប្រកួតអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បានចោទសួរទៅកាន់កីឡាករកម្ពុជា ជុំវិញបរាជ័យដ៏ធ្ងន់កនេះ។ នៅពេលឲ្យកីឡាករមានយោបល់ ភាគច្រើនគឺបានលើកឡើងពីភាពខុសគ្នារវាងប្រទេសទាំងពីរគឺដោយសារកាយសម្បទា កម្លាំង និងការដាក់សម្ពាធពីគូប្រកួត។

យ៉ាងណាមិញ លោក Keisuke Honda បានយល់ស្របទៅនឹងការលើកឡើងរបស់កីឡាករប៉ុន្តែលោកបានផ្ដាំនូវពាក្យមួយដ៏ខ្លី គឺត្រូវប្រកាន់គោលជំហរជាកីឡាករអាជីពដាច់ខាត ដើម្បីអាចឈានទៅដល់កម្រិតមួយដូច អ៊ីរ៉ង់។ «នេះហើយគឺជាអ្វីដែលខ្ញុំធ្លាប់និយាយពីមុនមក គឺប្រកាន់គោលជំហរជាកីឡាករអាជីព។ អ៊ីរ៉ង់ ធំជាងអ្នក ខ្លាំងជាងអ្នក ហើយពួកគេលេងនៅលីគដែលខ្លាំងជាងលីគកំពូលកម្ពុជា តើយើងអាចទៅដល់កម្រិតគេដោយរបៀបណា? … ប្រកាន់គោលជំហរជាកីឡាករអាជីពដាច់ខាត អ្នកទាំងអស់គ្នាលេងនៅលីគកម្ពុជា យើងមិនអាចផ្លាស់ប្ដូរភ្លាមៗនោះទេ អ្នកត្រូវតែបន្តលេងនៅលីគកម្ពុជា ឲលូវយើងមិនអាចផ្លាស់ប្ដូរបាន តែទៅអនាគតយើងអាច ជាពិសេសកីឡាករក្មេងៗ ដូច្នេះយើងអាចផ្លាស់ប្ដូរគំនិតរបស់យើងនៅថ្ងៃនេះ។» សម្ដីរបស់ លោក Honda។

លោកបាននិយាយទៅកាន់ កីឡាករ ឆេង ម៉េង និង សេត រ៉ហ្ស៊ីប ថា៖ «ម៉េង និង រ៉ហ្ស៊ីប ខ្ញុំតែងតែប្រាប់អ្នកឲ្យរត់ឲ្យបានច្រើនជាងនេះ តើធ្វើយ៉ាងម៉េចទើបអាចរត់ឲ្យបានច្រើន? ត្រូវធ្វើខ្លួនជាកីឡាករអាជីព ហាត់ខ្លាំង, ញ្ញាំច្រើន, សម្រាកឲ្យបានច្រើន ហើយត្រូវតែបន្តធ្វើហើយធ្វើទៀត គ្មាននរណាម្នាក់អាចជួយក្ដីសុបិន្តយើងបានឡើយ មានតែខ្លួនអ្នកផ្ទាល់ដែលអាចជួយបាន វាមិនមែនជារឿងងាយស្រួលឡើយ វាមិនអាចផ្លាស់ប្ដូរបានត្រឹមតែ ១ខែ, ១ឆ្នាំ, ២ឆ្នាំ ឬក៏ ៣ឆ្នាំទេ គឺជាជំហានៗ។»

និយាយពីលទ្ធផលវិញ លោកបានទទួលស្គាល់ថាក្រុមនៅមានកម្រិតទាបជាងអ៊ីរ៉ង់ ប៉ុន្តែលោកចង់ឲ្យកីឡាករយកបរាជ័យថ្ងៃនេះ ទុកជាការចងចាំដើម្បីកែប្រែខ្លួនសម្រាប់ភាពជោគជ័យនៅថ្ងៃខាងមុខ ជាពិសេសក្នុង​ការ​ប្រកួត​នេះ​នឹងធ្វើឲ្យ​កម្ពុជា ​បាន​ដឹង​ថា​ខ្លួន​ឯងថាកំពុងស្ថិតនៅ​កម្រិត​ណា។

គួររំលឹកថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានរងបរាជ័យយ៉ាងចាស់ដៃក្រោមថ្វីជើង ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ ដោយលទ្ធផល ១៤ទល់០ ក្នុងជំនួបទី៣ ប្រចាំពូល C វគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និងពានរង្វាន់ជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) នៅប្រទេសអ៊ីរ៉ង់។

បន្ទាប់ពីបរាជ័យនេះ កម្ពុជា នឹងត្រូវបន្តការប្រកួតមួយប្រកួតទៀត ដោយនឹងត្រូវទទួលក្រុមដែលមានកម្រិតប្រហាក់ប្រហែលគ្នាដូចនេះ ( ជម្រើសជាតិអ៊ីរ៉ាក់ ) នៅថ្ងៃទី១៥ ខែតុលា លើទឹកដីនៃប្រទេសកម្ពុជា វិញម្ដង៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់