កម្ពុជា ចាកចេញពីអ៊ីរ៉ង់ តាំងពីម៉ោង ១យប់ ហើយគ្រោងនឹងមកដល់មាតុប្រទេសនៅម៉ោង ៩យប់នេះ

មាស សុផាណារ៉ុង October 11, 2019


 

អ៊ីរ៉ង់៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បាននឹងកំពុងធ្វើដំណើរពីប្រទេសអ៊ីរ៉ង់ ត្រលប់មកមាតុប្រទេសវិញហើយ បន្ទាប់ពីបានចាញ់អ៊ីរ៉ង់ ក្នុងវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា ( 2022 FIFA World Cup qualification-AFC ) លទ្ធផល ១៤ទល់០ កាលពីយប់ម្សិលមិញ។

តាមគម្រោងសមាសភាពក្រុមទាំងមូល បានចាកចេញពីប្រទេសអ៊ីរ៉ង់ កាលពីវេលាម៉ោង ១:២៥ នាទីរំលងអាធ្រាត ( ម៉ោងនៅប្រទេសអ៊ីរ៉ង់ ) ហើយគ្រោងនឹងមកដល់មាតុប្រទេសវិញ នៅវេលាម៉ោង ៩:២៥ នាទីយប់ ថ្ងៃទី១១ ខែតុលា នេះ។

គួររំលឹកថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានរងបរាជ័យយ៉ាងចាស់ដៃក្រោមថ្វីជើង ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ ដោយលទ្ធផល ១៤ទល់០ ក្នុងជំនួបទី៣ ប្រចាំពូល C វគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និងពានរង្វាន់ជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) នៅប្រទេសអ៊ីរ៉ង់។

បន្ទាប់ពីបរាជ័យនេះ កម្ពុជា នឹងត្រូវបន្តការប្រកួតមួយប្រកួតទៀត មុនសម្រាកមួយខែ ដោយនឹងត្រូវទទួលក្រុមដែលមានកម្រិតប្រហាក់ប្រហែលគ្នាដូចនេះ ( ជម្រើសជាតិអ៊ីរ៉ាក់ ) នៅថ្ងៃទី១៥ ខែតុលា លើទឹកដីនៃប្រទេសកម្ពុជា វិញម្ដង៕

 

រូបភាព៖ FIFA.com

ប្រភព៖ footballitarin

អត្ថបទ៖ ណារ៉ុង

មតិយោបល់