គ្រូអ៊ីរ៉ង់៖ «យើងមិនទាន់បានធ្វើរឿងអស្ចារ្យនៅឡើយទេ គោលដៅរបស់យើងគឺជុំផ្ដាច់ព្រ័ត្រ World Cup»

មាស សុផាណារ៉ុង October 11, 2019


 

អ៊ីរ៉ង់៖ គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីរ៉ង់ លោក Marc Wilmots បានថ្លែងថា ក្រោយពីបាននាំក្រុមប្រកួតឈ្នះ ក្រុមជម្រើសជាតិកម្ពុជា ក្នុងលទ្ធផល ១៤ទល់០ នៅវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ ( 2022 FIFA World Cup qualification-AFC ) ម្សិលមិញថា ក្រុមរបស់លោកនៅមិនទាន់បានធ្វើរឿងអស្ចារ្យនៅឡើយទេ ហើយការផ្ដោតអារម្មណ៍ធំបំផុតរបស់ក្រុម គឺទៅលើជម្រើសជាតិបារ៉ែន និងជុំផ្ដាច់ព្រ័ត្រ World Cup ២០២២។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយចប់ការប្រកួតលោកបានលើកឡើងថា៖ «វាគឺជាការប្រកួតដ៏សំខាន់សម្រាប់យើង។ ដូចដែលខ្ញុំបាននិយាយកាលពីមុនការប្រកួត យើងតែងតែជំរុញការប្រកួតទៅមុខ ហើយមានការប្រកួតដ៏ល្អ។ យើងកំពុងវិវត្ត ក្រុមរបស់យើងកំពុងរីកចម្រើន ហើយកីឡាករវ័យក្មេងកំពុងត្រូវបានបញ្ចូលបន្ថែមក្នុងក្រុមជម្រើសជាតិផងដែរ។»

និយាយអំពីការបង្ហាញទម្រង់លេងរបស់កីឡាករអ៊ីរ៉ង់ គ្រូបង្វឹកសញ្ជាតិប៊ែលហ្ស៊ីករូបនេះបានឆ្លើយតបថា៖ «យើងបានសម្រាកកីឡាករ SARDAR និង HAJI SAFI បន្ទាប់ពីលេងបានមួយម៉ោង។ យើងមិនបានភ្លេចទេថាយើងមានកិច្ចការដ៏សំខាន់មួយទៅកាន់ប្រទេសបារ៉ែន ក្នុងរយៈពេលពីរបីថ្ងៃខាងមុខ។ ការផ្តោតអារម្មណ៍របស់ខ្ញុំគឺប្រទេសបារ៉ែនដើម្បីទទួលបាន ៣ពិន្ទុបន្ថែមទៀតពីការប្រកួតនេះ។ យើងមិនបានធ្វើអ្វីពិសេសទេរហូតមកដល់ពេលនេះ ហើយគោលដៅរបស់យើងគឺឈានដល់ការប្រកួតជុំផ្ដាច់ព្រ័ត្រនៃបាល់ទាត់ពិភពលោក ឆ្នាំ២០២២ និងនៅវែងឆ្ងាយទៀត។»

គួររំលឹកថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានរងបរាជ័យយ៉ាងចាស់ដៃក្រោមថ្វីជើង ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ ដោយលទ្ធផល ១៤ទល់០ ក្នុងជំនួបទី៣ ប្រចាំពូល C វគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និងពានរង្វាន់ជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) គឺជាជ័យជម្នះធំទី៣ លើគូប្រកួតរបស់អ៊ីរ៉ង់ បន្ទាប់ពីធ្វើបានលើកដំបូងលើ កោះហ្គោម ១៩ទល់០ ទី២ លើ ម៉ាលឌីវ ឈ្នះ ១៧ទល់០។

បន្ទាប់ពីជ័យជម្នះនេះ អ៊ីរ៉ង់ នឹងត្រូវបន្តការប្រកួតមួយប្រកួតទៀតជាមួយបារ៉ែន នៅថ្ងៃទី១៥ ខែតុលា លើទឹកដីនៃប្រទេសបារ៉ែន វិញម្ដង៕

 

រូបភាព៖ Iran Football Federation

ប្រភព៖ footballitarin

អត្ថបទ៖ ណារ៉ុង

មតិយោបល់