កម្ពុជា មិនមានឈ្មោះជាប្រទេសមកពីសមាជិកអាស៊ាន ដែលត្រូវចូលរួមដេញថ្លៃ World Cup 2034 ឡើយ

មាស សុផាណារ៉ុង October 10, 2019


 

បាងកក៖ កម្ពុជា នឹងមិនមានឈ្មោះចូលរួមក្នុងនាមជាប្រទេសពីតំបន់អាស៊ីអាគ្នេយ៍ ( អាស៊ាន ) ដែលចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះបាល់ទាត់ពិភពលោក ឆ្នាំ២០៣៤ ( 2034 FIFA World Cup ) នេះបើយោងតាមសារព័ត៌មានថៃ bangkokpost ចេញផ្សាយនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩។

យោងតាមសារព័ត៌មានដដែលបានចេញផ្សាយថា ប្រទេសថៃ នឹងដឹកនាំការដេញថ្លៃរួមគ្នាជាមួយប្រទេសក្នុងតំបន់អាស៊ាន ចំនួន ៤ផ្សេងទៀត ដើម្បីធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ពិភពលោក នៅឆ្នាំ ២០៣៤ នេះដោយយោងលើកិច្ចប្រជុំ «រដ្ឋមន្ត្រីកីឡាអាស៊ាន លើកទី៥ ឆ្នាំ២០១៩ – The Fifth ASEAN Ministerial Meeting on Sports (AMMS-5) 2019» នៅប្រទេសហ្វីលីពីន កាលពិថ្ងៃទី០៩ ខែតុលា ម្សិលមិញនេះ។

ហើយប្រទេស ៤ផ្សេងទៀតដែលដាក់សំណើដេញថ្លៃរួមគ្នានៅគឺរួមមាន ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, សិង្ហបុរី និងវៀតណាម ខណៈសមាជិក ៥ប្រទេសផ្សេងទៀត នៃប្រទេសទាំង១០ រួមមាន ព្រុយណេ, កម្ពុជា, ឡាវ, មីយ៉ាន់ម៉ា និងហ្វីលីពីន មិនត្រូវបានបង្ហើបថាមានគម្រោងចូលរួមឡើយ។

យោងតាមសម្ដីរបស់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ លោក Phiphat Ratchakitprakarn បានឲ្យដឹងថា កិច្ចប្រជុំកាលពីថ្ងៃពុធ បានអនុម័តការដេញថ្លៃ ចំនួន ៥ប្រទេស ដើម្បីនាំយកព្រឹត្តិការណ៍បាល់ទាត់ពិភពលោក មកកាន់តំបន់អាស៊ីអាគ្នេយ៍ នៅឆ្នាំ២០៣៤។ ប្រទេសដែលចូលរួមបានឯកភាពឲ្យប្រទេសថៃ ដើរតួនាទីជាអ្នកដឹកនាំក្នុងការដេញថ្លៃ។ រដ្ឋមន្ត្រីដដែលរូបនេះបានបន្តថា លោកនឹងនាំរឿងនេះទៅខុទ្ទកាល័យ នៃទីស្តីការគណៈរដ្ឋមន្រ្តីនៃប្រទេសថៃ ដើម្បីសុំការយល់ព្រមនៅពេលក្រោយ។

យ៉ាងណាមិញ មិនមែនតែប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលចង់ចូលរួមដេញថ្លៃធ្វើជាម្ចាស់ផ្ទះបាល់ទាត់ពិភពលោក សេចក្ដីរាយការណ៍ដដែលបានបញ្ជាក់ថា ប្រទេសផ្សេងទៀតក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួមដេញថ្លៃម្ចាស់ផ្ទះ World Cup ឆ្នាំ២០៣៤ ផងដែរ រួមមានប្រទេសចិន, អេហ្ស៊ីប, ហ្ស៊ីមបាវេ, នីហ្សេរីយ៉ា និងប្រទេស ២ផ្សេងទៀតដែលដេញថ្លៃរួមគ្នា គឺ អូស្ត្រាលី ជាមួយ ញូហ្សេឡែន។

សូមបញ្ជាក់ថា បណ្តាប្រទេសអាស៊ីអាគ្នេយ៍ មួយចំនួនបានពិភាក្សាអំពីការធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក អស់រយៈពេលជាច្រើនឆ្នាំមកហើយ ជាពិសេសក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងបាងកក កាលពីខែមិថុនា លោកនាយករដ្ឋមន្រ្តីថៃ Prayut Chan-o-cha បានមានប្រសាសន៍ថា មេដឹកនាំនៃប្លុកនេះ បានសន្យាគាំទ្រក្នុងការនាំយកព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០៣៤ មកកាន់តំបន់នេះ៕

 

រូបភាព៖ អគ្គនាយកដ្ឋានកីឡា | Bangkokpost.com

ប្រភព៖ bangkokpost

អត្ថបទ៖ ណារ៉ុង

មតិយោបល់