រាមច្បងក្នុងក្រុមជម្រើសជាតិ «អារម្មណ៍យើងពិតជាចង់លេង និងខំប្រឹងឲ្យអស់ពីលទ្ធភាព»

មាស សុផាណារ៉ុង October 10, 2019


 

តេហអ៊ីរ៉ង់៖ កីឡាករ គួច សុកុម្ភៈ រាមច្បងក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញយោបល់ថា «អារម្មណ៍យើងពិតជាចង់លេង និងខំប្រឹងឲ្យអស់ពីលទ្ធភាព» ជាមួយក្រុមជម្រើសជាតិអ៊ីរ៉ង់ ក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ ( FIFA World Cup Qatar 2022 ) ជុំទី២-តំបន់អាស៊ី ពូល C នាវេលាម៉ោង ៨៖៣០នាទីយប់ ថ្ងៃទី១០ ខែតុលា នេះ។

ឆ្លើយឆ្លងជាមួយសារព័ត៌មាន Camsports.org កីឡាករវ័យ ៣២ឆ្នាំរូបនេះ បានបញ្ជាក់ថា៖ «ពិតណាស់ ដូចគ្រូបង្វឹកគាត់បានលើកឡើងអច្ចឹង វាជាឱកាសមួយសម្រាប់ពួកយើង ដែលបានជួបជាមួយក្រុមខ្លាំង សម្រាប់ខ្ញុំដូចកាលពីមុនពេលប៉ះជប៉ុន គឺពិតជាចង់ប្រកួតជាមួយគេដែលជាក្រុមខ្លាំង អច្ចឹងអារម្មណ៍យើងពិតជាចង់លេង ហើយនឹងខំប្រឹងឲ្យអស់ពីសមត្ថភាព។»

បន្ថែមលើនេះ សមាជិកក្លឹបណាហ្គាវើលដ៍ ដដែលរូបនេះ ក៏បានបង្ហាញនូវជំហរដ៏រឹងមាំ ក្នុងការតាំងចិត្តប្រកួតជាមួយអ៊ីរ៉ង់ ទោះបីជាលទ្ធផលបែបណាក៏ដោយ អ្វីដែលសំខាន់គឺក្រុមខិតខំប្រឹងប្រែងលេងអស់ពីសមត្ថភាព។

សូមបញ្ជាក់ថា កម្ពុជា និងត្រូវប្រកួតជាមួយម្ចាស់ផ្ទះអ៊ីរ៉ង់ សម្រាប់ការប្រកួតទី៣ ក្នុងពូល C នៅវេលាម៉ោង ៨:៣០នាទីយប់ ( ម៉ោងនៅកម្ពុជា ) ថ្ងៃទី១០ ខែតុលា លើវាលស្មៅធម្មជាតិ នាកីឡដ្ឋាន Azadi Stadium ខណៈការប្រកួតនឹងការផ្សាយបន្តផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ CTN ផងដែរ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់