អ្នកកាសែតអ៊ីរ៉ង់ងឿងឆ្ងល់ និងចោទសួរពីតួនាទីរបស់ លោក Honda ក្នុងក្រុមជម្រើសជាតិកម្ពុជា

មាស សុផាណារ៉ុង October 10, 2019


 

តេហអេរ៉ង់៖ កាលពីល្ងាចថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ នៅប្រទេសអ៊ីរ៉ង់ មានការធ្វើសន្និសីទសារព័ត៌មានមុនការប្រកួតវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និងពានរង្វាន់ជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) រវាងអ៊ីរ៉ង់ និងកម្ពុជា។

ជាការចាប់អារម្មណ៍នៅក្នុងសន្និសីទសារព័ត៌មាន លោក Felix G.Dalmas ត្រូវបានចូលតំណាងសម្រាប់ក្រុមជម្រើសជាតិកម្ពុជា ក្នុងនាមជាគ្រូបង្វឹក ខណៈដែរ លោក Keisuke Honda ដែលជាអ្នកចាត់ការទូទៅក្រុម មិនមានវត្តមាននៅក្នុងបន្ទប់សន្នីសីទសារព័ត៌មានឡើយ។

កត្តានេះត្រូវបានអ្នកសារព័ត៌មានអ៊ីរ៉ង់ បានចោទសួរថា តើលោក Keisuke Honda មានតួនាទីអ្វីជាមួយក្រុមជម្រើសជាតិកម្ពុជា ហើយគាត់បានលះបង់អ្វីខ្លះដល់ការអភិវឌ្ឍន៍ប្រទេសមួយនេះ? លោក Felix Dalmas បានឆ្លើយតបថា៖ «ខ្ញុំ និង Keisuke Honda មានគោលគំនិតដូចគ្នានៅក្នុងក្រុម ហើយយើងសម្រេចដើរលើគម្រោងនេះជាមួយគ្នា។»

លោកបានបន្តថា៖ «អាចនិយាយបានថា ខ្ញុំមានពេលវេលាច្រើនជាង Honda។ ខ្ញុំមានឱកាសចំណាយពេលច្រើនជាមួយក្រុម។ ទោះយ៉ាងណា Honda នឹងដើរតួនាទី ១០០ភាគរយ នៅក្នុងក្រុមរបស់យើង។ ការរីកចម្រើនអ្វីក៏ដោយដែលអ្នកឃើញនៅក្នុងក្រុម គឺជាផ្នែកមួយដ៏ធំនៃវត្តមានរបស់ Honda ហើយវាគឺជាជំនួយដ៏ធំធេង ក្នុងការមានកីឡាករអាជីព និងជាបុគ្គលដ៏ល្អម្នាក់នៅក្នុងក្រុម។ គាត់ដឹកនាំក្រុមមិនត្រឹមតែដោយសារតែវត្តមានរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបទពិសោធន៍ដែលគាត់បានជួយដល់កីឡាកររបស់យើងផងដែរ ខ្ញុំគិតថាវាជាការរួមបញ្ចូលគ្នាដ៏ល្អ ពីព្រោះ Honda និងខ្ញុំ មានបុគ្គលិកលក្ខណៈខុសគ្នា ប៉ុន្តែយើងចែករំលែកក្តីសុបិន្តជាមួយគ្នា ហើយគោលដៅរបស់យើងគឺដូចគ្នា។»

គួររំលឹកថា លោក Keisuke Honda និង លោក Felix Dalmas បានចូលមកដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាឈុតធំ ក៏ដូចជាឈុតយុវជនអាយុក្រោម ២៣ឆ្នាំ កាលពីពាក់កណ្ដាលខែសីហា ឆ្នាំ២០១៨ ដោយស្ម័គ្រចិត្ត ក្នុងនោះ លោក Keisuke Honda ដើរតួនាទីជាអ្នកចាត់ការទូទៅក្រុម ស្របពេលដែល លោក Felix Dalmas ដើរតួនាទីជាគ្រូបង្គោល ផ្ទាល់តែម្ដង។

រយៈពេលជាង ១ឆ្នាំមកនេះ លោកទាំងពីរបានទទួលការសាទរយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រកម្ពុជា អំពីរបៀបនៃការដឹកនាំជាមួយនឹងទម្រង់លេងប្លែក បូលរួមជាមួយលទ្ធផលល្អៗមួយចំនួន ជាពិសេសមានគោលដៅដឹកនាំច្បាស់លាស់ជាដំណាក់កាល ហើយភាគច្រើនគឺផ្ដោតទៅលើយុវជនផ្ទាល់តែម្ដង។

បច្ចុប្បន្នលោកទាំងពីរកំពុងដឹកនាំក្រុមប្រកួតក្នុងយុទ្ធនាការ ជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និងពានរង្វាន់ជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) ដោយនៅថ្ងៃទី១០ ខែតុលា នេះផ្ទាល់ ត្រូវប្រកួតជាមួយជម្រើសជាតិអ៊ីរ៉ង់ សម្រាប់ការប្រកួតទី៣ ក្នុងពូល C នៅវេលាម៉ោង ៨:៣០នាទីយប់ ( ម៉ោងនៅកម្ពុជា ) លើវាលស្មៅធម្មជាតិ នាកីឡដ្ឋាន Azadi Stadium ខណៈការប្រកួតនឹងការផ្សាយបន្តផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ CTN ផងដែរ៕

 

ប្រភព៖ footballitarin

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់