គ្រូជម្រើសជាតិអ៊ីរ៉ង់ លើកឡើងថា៖ «យកឈ្នះកម្ពុជា គឺជាគោលដៅរបស់យើង»

មាស សុផាណារ៉ុង October 10, 2019


 

តេហអេរ៉ង់៖ គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ លោក Marc Wilmots បានមានប្រសាសន៍ថា ពួកគេគ្រាន់តែចង់យកឈ្នះកម្ពុជា ក្នុងវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និងពានរង្វាន់ជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) សម្រាប់ជំនួបទី៣ ប្រចាំពូល C។

មានយោបល់ក្នុងសន្និសីតសារព័ត៌មានមុនជួបកម្ពុជា លោក Marc Wilmots បានលើកឡើងយ៉ាងដូច្នេះថា៖ «គោលដៅរបស់យើងគឺឈ្នះប្រកួតដំបូងក្នុងផ្ទះរបស់យើង។ ជ័យជម្នះពិតជាសំខាន់សម្រាប់យើង ហើយយើងនឹងលេងប្រព័ន្ធបែបប្រយុទ្ធ ទល់នឹងកម្ពុជា។ នៅក្នុងការប្រកួតជាមួយហុងកុង យើងមានបាល់ហើយបង្កើតឱកាសស៊ុតបាល់បញ្ចូលទី។»

គ្រូបង្វឹកបែលហ្ស៊ិករូបនេះបាននិយាយថា អ៊ីរ៉ង់មានផ្លូវវែងឆ្ងាយបន្ថែមទៀតក្នុងការកក់កៅអីសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០២២ ( 2022 FIFA World Cup )។ លោកបញ្ជាក់ថា៖ «យើងចង់បន្តទៅមុខរហូត នៅក្នុងវគ្គជម្រុះ និងឈ្នះការប្រកួត។ នេះគឺជាគោលដៅរយៈពេលខ្លីរបស់យើង។ បាល់ទាត់វាយសម្រុកលឿនៗ គឺជាអ្វីដែលយើងចង់បានក្នុងដំណាក់កាលនេះ។ យើងចង់បញ្ចប់ការប្រកួតក្នុងវគ្គជម្រុះនេះ ក្នុងនាមជាក្រុមលេខ១ ប្រចាំពូល។»

ដោយមានការបង្ហាញការមិនពេញចិត្តរបស់លោក ចំពោះការបង្ហាញទម្រង់លេងបែបការពារ លោក Marc Wilmots បានមានប្រសាសន៍ថា៖ «ដូចដែលយើងលេងជាមួយហុងកុង យើងនឹងបង្ហាញទម្រង់លេងបែបប្រយុទ្ធទល់នឹងកម្ពុជា។ ខ្ញុំមិនពេញចិត្តនឹងប្រព័ន្ធការពារនោះទេ។»

សូមបញ្ជាក់ជាថ្មីថា កម្ពុជា និងត្រូវប្រកួតជាមួយម្ចាស់ផ្ទះអ៊ីរ៉ង់ សម្រាប់ការប្រកួតទី៣ ក្នុងពូល C នៅវេលាម៉ោង ៨:៣០នាទីយប់ ( ម៉ោងនៅកម្ពុជា ) ថ្ងៃទី១០ ខែតុលា លើវាលស្មៅធម្មជាតិ នាកីឡដ្ឋាន Azadi Stadium ខណៈការប្រកួតនឹងការផ្សាយបន្តផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ CTN ផងដែរ៕

 

រូបភាព៖ Iran Football Federation | ffiri

អត្ថបទ៖ ណារ៉ុង

មតិយោបល់