លោក Felix Dalmas ថាកម្ពុជា នឹងប្រកួតជាមួយអ៊ីរ៉ង់ ដោយគ្មានការភ័យខ្លាច

មាស សុផាណារ៉ុង October 10, 2019


 

តេហអេរ៉ង់៖ លោក Felix Dalmas គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានមានប្រសាសន៍ថានឹងប្រកួតជាមួយអ៊ីរ៉ង់ នៅវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និងពានរង្វាន់ជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) ដោយគ្មានការភ័យខ្លាច។ ថ្លែងបែបនេះគឺនៅក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតមកដល់រវាងក្រុម។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃពុធ ទី០៩ ខែតុលា ឆ្នាំ២០១៩ ម្សិលមិញនៅទីក្រុងតេហអេរ៉ង ប្រទេសអ៊ីរ៉ង់ លោក Felix G.Dalmas បានចាត់ទុកថាជាឱកាសដ៏ល្អដើម្បីពិសោធន៍ខ្លួនក្នុងការប្រកួតជាមួយក្រុមខ្លាំង និងបញ្ជាក់ថានឹងខិតខំប្រឹងប្រែងប្រកួតឲ្យបានល្អជាមួយគ្រប់ក្រុមទាំងអស់។

«វានឹងក្លាយជាឱកាសដ៏ល្អសម្រាប់យើងក្នុងការសាកល្បងខ្លួនយើងពីព្រោះយើងនឹងប្រកួតជាមួយក្រុមខ្លាំងមួយនៅអាស៊ី។ ខ្ញុំសង្ឃឹមថា យើងនឹងបោះជំហានមួយជំហានទៀតស្របតាមផែនការរបស់យើងដើម្បីកែលំអវិស័យបាល់ទាត់នៅកម្ពុជា។» សម្ដីរបស់ លោក Felix Dalmas នៅក្នុងសន្និសីទសារព័ត៌មាន។

និយាយអំពីគូប្រកួត អ៊ីរ៉ង់ វិញគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនវ័យ ៣១ ឆ្នាំរូបនេះបានបន្ថែមថា៖ «អ៊ីរ៉ង់គឺជាក្រុមខ្លាំង ប៉ុន្តែគំនិតនៃបាល់ទាត់របស់យើងគឺនៅតែច្បាស់។ យើងនឹងខិតខំប្រឹងប្រែងប្រកួតឲ្យបានល្អជាមួយគ្រប់បណ្ដាក្រុមទាំងអស់ នេះជារឿងសំខាន់បំផុត។ យើងចាត់ទុកថាការប្រកួតនេះជាឱកាសដ៏ល្អមួយដើម្បីធ្វើឱ្យប្រសើរឡើងនូវសក្តានុពលរបស់យើង។ យើងចង់ប្រកួតប្រជែង នេះហើយជាមូលហេតុដែលយើងស្ថិតនៅទីនេះ។ យើងដឹងពីភាពខុសគ្នារវាងក្រុមទាំងពីរ ប៉ុន្តែយើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព។»

សូមបញ្ជាក់ថា កម្ពុជា និងត្រូវប្រកួតជាមួយម្ចាស់ផ្ទះអ៊ីរ៉ង់ សម្រាប់ការប្រកួតទី៣ ក្នុងពូល C នៅវេលាម៉ោង ៨:៣០នាទីយប់ ( ម៉ោងនៅកម្ពុជា ) ថ្ងៃទី១០ ខែតុលា លើវាលស្មៅធម្មជាតិ នាកីឡដ្ឋាន Azadi Stadium ខណៈការប្រកួតនឹងការផ្សាយបន្តផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ CTN ផងដែរ៕

 

រូបភាព៖ Iran Football Federation | ffiri

អត្ថបទ៖ ណារ៉ុង

មតិយោបល់