ធារី ចន្ថាប៊ីន ប្រាប់មិត្តរួមក្រុមត្រូវរីករាយ ក្នុងការប៉ះអ៊ីរ៉ង់ និងអ៊ីរ៉ាក់

មាស សុផាណារ៉ុង October 9, 2019


 

ភ្នំពេញ៖ ខ្សែបម្រើកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន បានប្រាប់មិត្តរួមក្រុម ត្រូវមានអារម្មណ៍រីករាយ ក្នុងការត្រៀមតាំងជាមួយក្រុមខ្លាំងៗពីរ គឺក្រុមជម្រើសជាតិអ៊ីរ៉ង់ និងអ៊ីរ៉ាក់ នាពេលឆាប់ៗខាងមុខ។

ការអះអាងបែបនេះ ស្របបឡេក្រុមជម្រើសជាតិកម្ពុជា ត្រូវជួបម្ចាស់ផ្ទះអ៊ីរ៉ង់ ក្នុងវគ្គជម្រុះពានរង្វាន់ 2022 FIFA World Cup Qatar នៅកីឡដ្ឋាន Azadi ប្រទេសអ៊ីរ៉ាក់ នាម៉ោង ៨៖៣០នាទីយប់ ( ម៉ោងនៅកម្ពុជា ) ស្អែកនេះ។

កីឡាករវ័យ ២៨ឆ្នាំរូបនេះ និយាយថា ការជួបក្រុមខ្លាំងៗ ទោះបីត្រូវមានសម្ពាធ តែត្រូវចេះប្រែសម្ពាធនោះ ទៅជាការខំប្រឹងវិញ។ ធារី បន្ដថា៖ «សម្ពាធនៅមានរហូត ប៉ុន្ដែយើងត្រូវប្រើសម្ពាធ ដើម្បីខំប្រឹង ពិសេសត្រូវមានអារម្មណ៍រីករាយក្នុងការលេង កុំភ័យ ព្រោះវាជាឱកាសកម្រក្នុងអាជីពរបស់យើង។ ពេលប៉ះក្រុមជម្រើសជាតិធំៗបែបនេះ (អ៊ីរ៉ង់ និងអ៊ីរ៉ាក់) យើងគួរតែសប្បាយរីករាយ ហើយខំប្រឹងទាំងអស់គ្នា។»

ការលើកឡើងបែបនេះ មុនពេលក្រុមជម្រើសជាតិកម្ពុជា ឡើងយន្ដហោះធ្វើដំណើរទៅប្រទេសអ៊ីរ៉ង់ កាលពីយប់ថ្ងៃទី០៥-តុលាកន្លងទៅ។ លើសពីនេះ កីឡាករកំពុងលេងឲ្យក្លឹប Terangganu នៃលីគកំពូលម៉ាឡេស៊ីខាងលើ ក៏បានសប្បាយចិត្ត ចំពោះការកោះហៅចូលជម្រើសជាតិជាថ្មី ក្រោយជាសះស្បើយពីរបួស នឹងត្រៀមខ្លួនជាស្រេច ដើម្បីជួបតតាំងជាមួយក្រុមជម្រើសជាតិអ៊ីរ៉ង់ នាយប់ថ្ងៃព្រហស្បត្តិស្អែកនេះផងដែរ។

គួរដឹងថា កាលពីក្រុមជម្រើសជាតិកម្ពុជា ប្រមូលផ្ដុំប្រកួតបើកឆាកពូល C ចំនួន ២ប្រកួតដំបូង គឺមិនមានវត្តមាន ធារី ចន្ថាប៊ីន ចូលរួមនោះទេ ដោយសារគេមានបញ្ហារបួសជង្គង់។ ចំណែកលទ្ធផលប្រកួតដំបូង ក្រុមគោព្រៃកម្ពុជា រកបាន ១ពិន្ទុប៉ុណ្ណោះ ក្រោយប្រកួតស្មើហុងកុង ១-១ និងចាញ់បារ៉ែន ១-០។

ដូច្នេះបន្ទាប់ពីជួបអ៊ីរ៉ង់ ដែលជាប្រកួតទី៣ ក្រៅដី នៅថ្ងៃទី១៥ ខែតុលា កម្ពុជា នឹងត្រឡប់មកបើកទ្វារផ្ទះទទួលក្រុមជម្រើសជាតិអ៊ីរ៉ាក់វិញម្ដង ដែលជាប្រកួតទី៤ នៃព្រឹត្តិការណ៍ពិភពលោកនេះ៕

 

រូបភាព៖ Iran Football Federation

អត្ថបទ៖ បុត្រា

មតិយោបល់