បញ្ជីឈ្មោះកីឡាករ U-18 កម្ពុជា ២៨នាក់ ចូលហ្វឹកហាត់ដំណាក់កាលទី១ ត្រៀមជម្រុះ AFC U-19

មាស សុផាណារ៉ុង October 9, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ( ស.ប.ក ) បានបង្ហាញការកោះហៅកីឡាករយុវជនអាយុក្រោម១៨ឆ្នាំ ចំនួន ២៨រូបពីក្លឹបចំនួន១០ ដើម្បីចូលរួមហ្វឹកហាត់ដំណាក់កាលបឋម ត្រៀមប្រកួតជម្រុះ ពានរង្វាន់បាល់ទាត់យុវជនអាស៊ីអាយុក្រោម ១៩ឆ្នាំ ឆ្នាំ២០២០ ដែលកម្ពុជា បានទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះ។

យោងតាមលិខិតដែលសហព័ន្ធបានជូនដំណឹងដល់ក្លឹប បានបញ្ជាក់ស្នើសុំយុវជនពីក្លឹបចំនួន ១០នៃលីគកំពូលកម្ពុជា ដើម្បីធ្វើតេស្តសមត្ថភាពត្រៀមប្រកួតក្នុងពានរង្វាន់បាល់ទាត់យុវជនអាស៊ីអាយុក្រោម ១៩ឆ្នាំ ឆ្នាំ២០២០ ( AFC U-19 Championship 2020 Qualifiers ) ដែលកម្ពុជា បានទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះ ធ្វើឡើងនាខែវិច្ឆិកា ខាងមុខរួមមាន យុវជនសាលាបាល់ទាត់បាទី, ព្រះខ័នរាជស្វាយរៀង, បឹងកេត, ណាហ្គាវើលដ៍, វិសាខា, អគ្គិសនីកម្ពុជា, អគ្គស្នងការដ្ឋាននគរបាលជាតិ និងភ្នំពេញក្រោន សរុបចំនួន ២៨នាក់។

ក្រុមនេះស្ថិតក្រោមការដឹកនាំដោយគ្រូបង្វឹកជនជាតិជប៉ុន លោក Gyotoku Koji ហើយនឹងធ្វើការជម្រុះមកនៅត្រឹម២៣នាក់ប៉ុណ្ណោះ ដើម្បីត្រៀមទទួលប្រទេសខ្លាំងៗរួមមាន ថៃ, ម៉ាឡេស៊ី, ព្រុយណេ និងកោះម៉ារីណាខាងជើង។

គួរដឹងថា សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFC U-19 Championship 2020 ក្រុមគោព្រៃជំទង់កម្ពុជា គឺស្ថិតក្នុងពូល G ជាមួយក្រុមជម្រើសជាតិ U-19 ថៃ, ម៉ាឡេស៊ី, ប្រ៊ុយណេ និងកោះម៉ារីណាខាងជើង ខណៈការប្រកួតបើកឆាក កម្ពុជា ត្រូវប៉ះម៉ាឡេស៊ីមុនគេ នាថ្ងៃទី០២-វិច្ឆិកា ហើយនឹងបញ្ចប់នៅថ្ងៃទី១០ ខែដដែល។ ការប្រកួតនេះ ក្រុមឈរលេខ១ នឹងបានឡើងជុំផ្ដាច់ព្រ័ត្រ ខណៈក្រុមលេខ២ ត្រូវជ្រើសរើស ៥ក្រុមល្អជាងគេឡើងទៅជុំបន្ដ។

អ្វីដែលជាការចាប់អារម្មណ៍ កម្ពុជា ត្រូវប្រឈមមុខជាមួយក្រុមដែលទើបតែជួបគ្នាក្នុងពានជើងឯកយុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម ១៨ឆ្នាំ ដូចជាថៃ ដែលកម្ពុជា ឈ្នះ ៣ទល់៤ និងម៉ាឡេស៊ី ដែលកម្ពុជា ចាញ់ ៣ទល់០ កាលពីសីហា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ នៅប្រទេសវៀតណាម៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់