វីរៈបុរសជួយឲ្យបារាំងលើក World Cup ឆ្នាំ១៩៩៨ នឹងចូលរួមតាមដានការប្រកួតរវាងអ៊ីរ៉ង់ និងកម្ពុជា

មាស សុផាណារ៉ុង October 8, 2019


 

អ៊ីរ៉ង់៖ អតីត​វីរៈបុរសនៃក្រុមបាល់ទាត់​ជម្រើស​ជាតិបារាំង ចន្លោះឆ្នាំ១៩៩៣-២០០២ និងបាន​ជួយ​ឲ្យ​បារាំង​ឈ្នះ​ជើងឯក​បាល់ទាត់​ពិភពលោក ក៏ដូចជាពានរង្វាន់ទ្វីបអ៊ឺរ៉ុប លោក Youri Djorkaeff នឹង​ក្លាយជា​ផ្នែក​មួយ​នៃ​គណៈប្រតិភូ​ដែល​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក ( FIFA ) ​បញ្ជូនទៅ​ទីក្រុង​តេ​អេ​រ៉ង់ ប្រទេស​អ៊ីរ៉ង់ ដើម្បី​ស​ង្កេត និង​ឲ្យ​ប្រាកដថា​អ្នកគាំទ្រ​ស្ត្រី ត្រូវបាន​គេ​អនុញ្ញាតឱ្យ​ចូលរួមទស្សនា​ក្នុងការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភពលោក​ រវាង​អ៊ីរ៉ង់ និង​កម្ពុជា​។​

លោក Djorkaeff ថ្មីៗ​នេះ​ ត្រូវបានតែងតាំង​ជា​នាយក​ប្រតិបត្តិ​នៃ​មូលនិធិ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក ( FIFA ) ដែល​គោលបំណង​របស់​ពួកគេ​រួម មានការ​ធ្វើឱ្យ​កីឡាបាល់ទាត់​អាច​ចូល​ដំណើរការ​បាន​សម្រាប់​ស្ត្រី​នៅ​មជ្ឈិមបូព៌ា​។​

វត្តមាន​របស់​គណៈប្រតិភូ​គឺមាន​សារៈសំខាន់ «​ដើម្បី​បង្ហាញថា FIFA បានធ្វើ​អន្តរាគមន៍​នៅ​ទីនោះ​ដោយមាន​ជំនឿ​ចិត្ត​» នេះបើតាមការបញ្ជាក់បន្ថែមដោយរូបលោកផ្ទាល់។​

សូមបញ្ជាក់ថា ការប្រកួតរវាងអ៊ីរ៉ង់ និងកម្ពុជា បានក្លាយជាការប្រកួតដ៏ចាប់អារម្មណ៍មួយ ដកបិតប្រកួតនេះ គឺត្រូវបានអនុញ្ញាតអោយ​អ្នកគាំទ្រ​នារី​ចូលរួម​ទស្សនា​ការប្រកួត​បាល់ទាត់​នៅ​ក្នុងប្រទេសអ៊ីរ៉ង់ ដ្បិតពុំកន្លងមកនារីពុំត្រូវបានអនុញ្ញាតិឲ្យចូលទស្សនាបាល់ទាតើឡើយ។ ការអនុញ្ញាតិនេះ គឺ​ស្រប​នឹង​ជំហរ​របស់ FIFA ដោយ​លោក​ប្រធានសហព័ន្ធ Gianni Infantino បាន​និយាយ​កាលពី​ពេលថ្មីៗ​ថា ស្ថាប័ន​ពិភពលោក​ត្រូវបាន​ធានា​ដោយ​អាជ្ញាធរ​អ៊ីរ៉ង់ ថា​ស្ត្រី​នឹង​អាច​ចូល​មើល​ការប្រកួត​ជម្រុះ​អាស៊ី​មួយ​នៅ តេ​ហេ​រ៉ង់ ​បាន។​

និយាយដោយឡែក សម្រាប់ លោក Youri Djorkaeff គឺត្រូវបានគេចាត់ទុកថាជាចំណែកដ៏សំខាន់នៃក្រុមជម្រើសជាតិបារាំង ដែលបានជួយឲ្យក្រុមមាន់គក់ មួយនេះឈ្នះជើងឯកពិភពលោក ( World Cup 1998 ) កាលពីឆ្នាំ១៩៩៨ និងបន្តឈ្នះជើងឯកទ្វីបអ៊ឺរ៉ុប ( EURO 2000 ) ក្នុងនាមជាខ្សែបម្រើប្រយុទ្ធ។

គួររំលឹកថា ជំនួប​ទី​៣ កម្ពុជា ត្រូវ​ប៉ះ​ជាមួយ អ៊ីរ៉ង់ ផ្ទាល់​នៅ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩ នៅ​កីឡដ្ឋាន Azadi Stadium ដែលត្រូវនឹងម៉ោង ៨:៣០នាទីយប់ ( ម៉ោងនៅកម្ពុជា)៕

 

រូបភាព៖ SkySport | 

ប្រភព៖ tehrantimes

អត្ថបទ៖ ណារ៉ុង

មតិយោបល់