កីឡដ្ឋានជាតិ ត្រូវបម្រើដល់ការប្រកួត AFC U-19 តម្រូវឲ្យលើកវគ្គផ្ដាច់ព្រ័ត្រពានសម្តេចតេជោ ទៅកីឡដ្ឋាន Smart RSN

មាស សុផាណារ៉ុង October 8, 2019


 

ភ្នំពេញ៖ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា – CNCC កាលពីល្ងាចថ្ងៃទី០៧ ខែតុលា ម្សិលមិញ បានប្រកាសពីការផ្លាស់ប្ដូរកាលបរិច្ឆេទប្រកួត និងកីឡដ្ឋានសម្រាប់ការប្រកួវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៩ រវាងបឹងកេត ជាមួយ ព្រះខ័នរាជស្វាយរៀង។

យោងតាមការប្រកាសដដែល បានបញ្ជាក់ថា ការប្រកួតដើមឡើយដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ គឺគ្រោងនឹងលើកមកប្រកួតនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វិញ នាកីឡដ្ឋានស្មាតអរអេសអិន ( Smart RSN ) របស់ក្លឹបភ្នំពេញក្រោន។ ជាមួយគ្នាផងដែរ ការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ ពុំមានឡើយរវាង ភ្នំពេញក្រោន ជាមួយវិសាខា។

ចំពោះមូលហេតុបែបនេះ គឺដោយសារតែពហុកីឡដ្ឋានជាតិ ត្រូវរៀបចំដល់ការប្រកួតសម្រាប់វគ្គជម្រុះពានរង្វាន់បាល់ទាត់យុវជនអាស៊ីអាយុក្រោម ១៩ឆ្នាំ ឆ្នាំ២០២០ ( AFC U-19 Championship 2020 Qualifiers ) ដែលកម្ពុជា បានទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះ ពីថ្ងៃទី០២ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាមួយប្រទេសចំនួន ៥ចូលរួមប្រកួត។

 

ដូច្នេះការប្រកួវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៩ រវាងបឹងកេត ជាមួយ ព្រះខ័នរាជស្វាយរៀង នឹងធ្វើឡើងនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វិញ នាកីឡដ្ឋានស្មាតអរអេសអិន ( Smart RSN ) វេលាម៉ោង ៦:០០ នាទីល្ងាច ហើយនឹងមាការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News។

ដោយឡែក សម្រាប់ការត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ ( AFC U-19 Championship 2020 ) ក្រុមគោព្រៃជំទង់កម្ពុជា គឺស្ថិតក្នុងពូល G ជាមួយក្រុមជម្រើសជាតិ U-19 ថៃ, ម៉ាឡេស៊ី, ប្រ៊ុយណេ និងកោះម៉ារីណាខាងជើង ខណៈការប្រកួតបើកឆាក កម្ពុជា ត្រូវប៉ះម៉ាឡេស៊ីមុនគេ នាថ្ងៃទី០២-វិច្ឆិកា។

អ្វីដែលជាការចាប់អារម្មណ៍ កម្ពុជា ត្រូវប្រឈមមុខជាមួយក្រុមដែលទើបតែជួបគ្នាក្នុងពានជើងឯកយុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម ១៨ឆ្នាំ ដូចជាថៃ ដែលកម្ពុជា ឈ្នះ ៣ទល់៤ និងម៉ាឡេស៊ី ដែលកម្ពុជា ចាញ់ ៣ទល់០ កាលពីសីហា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ នៅប្រទេសវៀតណាម៕

 

រូបភាព៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន

អត្ថបទ៖ ណារ៉ុង

មតិយោបល់