អនុប្រធាន ស.ប.ក បញ្ជាក់ថា សហព័ន្ធកំពុងស្នើសុំទៅរាជរដ្ឋាភិបាល ដើម្បីបានដាក់កៅអីជុំវិញពហុកីឡដ្ឋានជាតិ

មាស សុផាណារ៉ុង October 7, 2019


 

ភ្នំពេញ៖ ឯកឧត្តម ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថា សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) អនុញ្ញាតឲ្យកម្ពុជាលក់សំបុត្រកន្លែងអង្គុយគ្មានកៅអីតែ ១ប្រកួតទៀតប៉ុណ្ណោះ នៅក្នុងជំនួបរវាងក្រុមជម្រើសជាតិកម្ពុជា និងអ៊ីរ៉ាក់ នៃវគ្គជម្រុះពានរង្វាន់ 2022 FIFA World Cup Qualification-AFC ជុំទី២ នាថ្ងៃទី១៥ ខែតុលាខាងមុខ។

ការបញ្ជាក់របស់មន្ដ្រីជាន់ខ្ពស់របស់សហព័ន្ធនេះ សបញ្ជាក់ឲ្យឃើញថា បើសិនពហុកីឡដ្ឋានជាតិ នៅតែរក្សាមិនទាន់បំពាក់កៅអីទៀតនោះ ក្រោយចប់ការប្រកួតរវាងកម្ពុជា និងអ៊ីរ៉ាក់ នាថ្ងៃទី១៥-តុលា FIFA នឹងមិនអនុញ្ញាតឲ្យកម្ពុជាធ្វើការលក់សំបុត្រកន្លែងអង្គុយគ្មានកៅអីទៀតឡើយ។ ប៉ុន្ដែយ៉ាងណាលោកថា ពេលនេះសហព័ន្ធ កំពុងស្នើសុំទៅរាជរដ្ឋាភិបាល ដើម្បីបានដាក់កៅអីជាលក្ខណៈឯកជន។

ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) ដដែលបានបញ្ជាក់ថា «យើងបានស្នើសុំទៅសហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិ ថាតើក្នុងរយៈពេលអន្ដរកាលនេះ យើងអាចសុំលក់សំបុត្របានទេ? ថ្ងៃនេះ ខ្ញុំសូមប្រកាសតែម្ដង ថ្ងៃទី១៥-តុលា ពេលយើងធ្វើម្ចាស់ផ្ទះជាមួយអ៊ីរ៉ាក់ គេថាឲ្យយើងលក់ ១ប្រកួតទៀតចុះ ដោយយើងរៀបចំមិនទាន់ ប៉ុន្ដែគេមានលក្ខខណ្ឌច្រើនឲ្យយើងបំពេញ ព្រោះគេបារម្ភលើបញ្ហាសន្ដិសុខ»។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីប្រកាសដៃគូឧបត្ថម្ភរបស់ក្រុមជម្រើសជាតិកម្ពុជា ពីសំណាក់ក្រុមហ៊ុន Minebea Cambodia និងក្រុមហ៊ុន Smart Axiata កាលពីថ្ងៃទី០៤ ខែតុលា។

ចំណែកការប្រកួតជម្រុះ 2022 FIFA World Cup វិញ បន្ទាប់ពីជួបអ៊ីរ៉ាក់ នាថ្ងៃទី១៥-តុលា ក្រុមគោព្រៃកម្ពុជា សល់ការប្រកួតក្នុងដីតែ ១ប្រកួតប៉ុណ្ណោះ ជាមួយអ៊ីរ៉ង់ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ខណៈ ៣ប្រកួតទៀត សុទ្ធតែត្រូវប្រកួតក្រៅដី៕

 

អត្ថបទ៖ បុត្រា

មតិយោបល់