សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ត្រៀមតម្លើងកៅអីអង្គុយទស្សនា នៅទីលានសាលាបាល់ទាត់បាទី នាឆ្នាំក្រោយ

មាស សុផាណារ៉ុង October 7, 2019


 

ភ្នំពេញ៖ ឯកឧត្តម ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ( ស.ប.ក – FFC ) បានបង្ហើបដំណឹងដ៏ល្អមួយ ជុំវិញការត្រៀមធ្វើកៅអីអង្គុយ នៅទីលានមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកគាំទ្រ ដែលអញ្ជើញទៅទស្សនាការប្រកួតនៅទីនោះ។

ថ្លែងការពេលថ្មីៗ មន្ដ្រីជាន់ខ្ពស់នៃសហព័ន្ធកីឡាបាល់ទាត់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដដែលរូបបានបញ្ជាក់ថា៖ «អាលូវនេះ យើងកំពុងគិតថា យើងនឹងដាក់ទីកន្លែងសម្រាប់អង្គុយ សម្រាប់ទីលាននៅទន្លេបាទី ដែលមាន U-18 របស់យើង ត្រូវលេងក្នុងលីគ។ ឥលូវយើងមានភ្លើងយើងអាចលេងពេលយប់បាន អញ្ចឹងឆ្នាំក្រោយយើងនឹងមានកៅអីអង្គុយទៀត។»

យ៉ាងណាលោកមិនបានបញ្ជាក់អំពីទីលានដែលត្រូវដាក់កៅអីអង្គុយទស្សនាឡើយ ប៉ុន្តែសម្រាប់ការបន្ថែមកៅអីអង្គុយ នៅទីលានមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី ទំនងជាធ្វើនៅលើទីលានដែលទី៤ ដែលជាទីលានស្មៅសិប្បនិមិត្ត និងមានភ្លើងបំភ្លឺជាស្រាប់។

ការអះអាងបែបនេះ សរបញ្ជាក់ឲ្យឃើញថា នៅឆ្នាំ២០២០ ខាងមុខ ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី U-18 នឹងទទួលបានសិទ្ធិពិសេស ដើម្បីចូលរួមប្រកួតលីគកំពូលកម្ពុជាបន្ដទៀត ទោះបីលទ្ធផលបបណ្ដោះអាសន្នបច្ចុប្បន្ន ក្រុម U-18 បាទី កំពុងឈរបាតតារាង នៃលីគកំពូលកម្ពុជា សប្ដាហ៍ទី២៣ ក៏ដោយ។

គួរដឹងផងដែរថា ទីលានមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី បានដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំ២០១៣ គឺជាទីតាំងសម្រាប់បណ្ដុះបណ្ដាលយុវជនដើម្បីក្លាយជាផ្នែកមួយនៃក្រុមជម្រើសជាតិកម្ពុជា ជាពិសេសទិសដៅដើម្បីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ ជាមួយនឹងទីលានស្ដង់ដាធំៗចំនួន ៤ សុទ្ធសឹងតែជាស្មៅធម្មជាតិ ក្រោយមកបានកែប្រែទីលានមួយឲ្យក្លាយទៅជាទីលានស្មៅសិប្បនិម្មិត និងក្រោយមកទៀតបានរៀបចំឲ្យមានបង្គោលភ្លើងសម្រាប់បំភ្លឺដល់ការប្រកួតនៅពេលរាត្រីផងដែរ។

ក្រៅពីទីលានសំខាន់ៗ នៅក្នុងមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី នេះក៏មានបន្ទប់ស្នាក់នៅសម្រាប់កីឡាករថ្នាល និងអាគាររដ្ឋាបាលជាច្រើនទៀតផៀងដែរ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ បុត្រា

មតិយោបល់