ដំណឹងល្អ! CBS ទទួលបានសិទ្ធផ្សាយបន្ដផ្ទាល់កម្ពុជា ប៉ះអ៊ីរ៉ង់ ថ្ងៃទី១០-តុលានេះ

មាស សុផាណារ៉ុង October 8, 2019


 

ភ្នំពេញ៖ ក្រុមហ៊ុន CBS ( CTN, CNC, MYTV ) បានបង្ហើបថា ក្រុមហ៊ុនបានទទួលសិទ្ធផ្សាយបន្ដផ្ទាល់ សម្រាប់ជំនួបរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមម្ចាស់ផ្ទះអ៊ីរ៉ង់ ក្នុងវគ្គជម្រុះបានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា ( 2022 FIFA World Cup Qualification–AFC ) នាថ្ងៃទី១០ ខែតុលាខាងមុខ នៅកីឡដ្ឋាន Azadi Stadium។

នេះគឺជាដំណឹងល្អមួយ សម្រាប់អ្នកគាំទ្រកម្ពុជា ដែលកំពុងទន្ទឹងរង់ចាំទស្សនា និងគាំទ្រដល់ក្រុមជម្រើសជាតិកម្ពុជា ដែលត្រូវជួបតតាំងជាមួយក្រុមខ្លាំងអ៊ីរ៉ង់។ ចំពោះការប្រកួតនេះដែរ នឹងចាប់ផ្ដើមនាវេលាម៉ោង ៨៖៣០នាទីយប់ (ម៉ោងនៅកម្ពុជា)។

ក្រុមគោព្រៃកម្ពុជា នឹងមានការចូលរួមដឹកនាំផ្ទាល់ដោយអ្នកចាត់ការទៅ លោក Keisuke Honda ដែលលោកបានធ្វើដំណើរទៅប្រទេសអ៊ីរ៉ង់ ស្របពេលគ្រូបង្វឹក និងកីឡាករក្រុមជម្រើសជាតិកម្ពុជា ដែលបានធ្វើដំណើរទៅដល់ទីនោះ ដោយសុវត្ថិភាព កាលពីថ្ងៃទី០៦ ខែតុលា ផងដែរ។

បច្ចុប្បន្នក្រុមជម្រើសជាតិកម្ពុជា កំពុងលេខរៀងទី១៦៩ ខណៈអ៊ីរ៉ង់ ឈរលេខទី២៣ ពោលគឺក្រុមគោព្រៃកម្ពុជា ចាញ់ប្រៀបអ៊ីរ៉ង់ រហូតដល់ទៅ ១៤៦ចំណាត់ថ្នាក់ឯណោះ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក។

គួរបញ្ជាក់ថា នេះជាការប្រកួតទី៣ ក្នុងពូល C របស់ក្រុមគោព្រៃកម្ពុជា បន្ទាប់ពីឆ្លងកាត់ ២ប្រកួតស្មើហុងកុង ១-១ និងចាញ់បារ៉ែន ១-០ ក្នុងដី កាលពីពេលថ្មីៗ។ ប៉ុន្ដែក្រោយជួបក្រុមអ៊ីរ៉ង់ ក្រៅដី នាថ្ងៃទី១០ ខែតុលាហើយនោះ ក្រុមគោព្រៃកម្ពុជា នឹងត្រឡប់មកមាតុភូមិវិញ ដើម្បីបើកទ្វារផ្ទះទទួលក្រុមភ្ញៀវវិញម្ដង ដោយត្រូវជួបក្រុមជម្រើសជាតិអ៊ីរ៉ាក់ នៅពហុកីឡដ្ឋានជាតិ នាថ្ងៃទី១៥ ខែតុលាខាងមុខ៕

 

រូបភាព៖ YJC | Payam parsaei

អត្ថបទ៖ បុត្រា

មតិយោបល់