សសយក.កំចាយមារ លើកពានរង្វាន់បាល់ទាត់ក្នុងសាលថ្នាក់ជាតិ ជាលើកទី២ ក្រោយលត់ឪម៉ាល់ ១១-៥

មាស សុផាណារ៉ុង October 7, 2019


 

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ក្នុងសាលជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ បានបញ្ចប់ហើយកាលពីល្ងាចថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ ដោយក្រុមស.ស.ស.យ.ក ស្រុកកំចាយមារ បានគ្រងតំណែងជើងឯក បន្ទាប់ពីបានយកឈ្នះក្រុមឪម៉ាល់ ដោយលទ្ធផល ១១ទល់៥ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅទីលាន The Blue Sport។

នេះគឺជាលើកទី២ ហើយដែល ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកំចាយមារ បានលើកពានបាល់ទាត់លើទីលានតូចនេះ បន្ទាប់ពីបានលើកពានលើកដំបូង កាលពីឆ្នាំ២០១៧ មុនទទួលបានត្រឹមជើងឯករង កាលពីឆ្នាំ២០១៨ កន្លងទៅ។

ក្រឡេកមកចាប់អារម្មណ៍ការប្រកួតផ្ដាច់ព្រ័ត្រម្សិលមិញ ក្រុម ស.ស.យ.ក ស្រុកកំចាយមារ ធ្វើបានយ៉ាងល្អនៅវគ្គទី១ ដោយបាននាំមុខគូប្រជែង រហូតដល់ ៥ទល់០ មុនឪម៉ាល់ វាយបកបាន ១គ្រាប់ចុងម៉ោង។ ចូលវគ្គទី២ ក្រុមទាំងពីរ បានព្យាយាមរកគ្រាប់បាល់បន្ថែមរៀងៗខ្លួន តែជាលទ្ធផលពេញម៉ោងក្រុម ស.ស.យ.ក ស្រុកកំចាយមារ បានយកឈ្នះក្រុមឪម៉ាល់ ១១-៥។

ជាមួយការដណ្ដើមបានជើងឯកនេះដែរ ក្រុម ស.ស.យ.ក ស្រុកកំចាយមារ បានទទួលពាន អមដោយប្រាក់រង្វាន់ ២០លានរៀល និងក្លាយជាក្រុមទទួលបានសិទ្ធចូលរួមប្រកួតពានរង្វាន់ AFF Futsal Club Championship 2022 ទៀតផង។ រីឯក្រុមឪម៉ាល់ ដែលទទួលបានត្រឹមជើងឯករង ក៏ទទួលបានប្រាក់រង្វាន់ ១០លានរៀលផងដែរ ដ្បិតកាលពីឆ្នាំ២០១៨ ពួកគេទទួលបានត្រឹមលេខ៣ ប៉ុណ្ណោះ។

ចំណែកក្រុមចំណាត់ថ្នាក់លេខ៣ ឆ្នាំនេះ បានទៅក្រុម Home Sport ទទួលបានប្រាក់រង្វាន់ ៦លានរៀល ក្រោយផ្ដួលក្រុមជើងឯកឆ្នាំចាស់ គឺក្រុម Down Town ដោយលទ្ធផល ៦-៤ ហើយក្រុមចំណាត់ថ្នាក់លេខ ៤ គឺក្រុម Down Town ក៏ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ៤លានរៀលផងដែរ៕

 

រូបភាព៖ Cambodia Futsal

អត្ថបទ៖ បុត្រា

មតិយោបល់