ប្រាក់ មុន្នីឧត្តម បញ្ជាក់: «ខ្ញុំជាពីរបួស និងត្រៀមខ្លួនរួចរាល់ដើម្បីជួបអ៊ីរ៉ង់»

មាស សុផាណារ៉ុង October 7, 2019


 

ភ្នំពេញ៖ កីឡាករ ប្រាក់ មុន្នីឧត្តម បញ្ជាក់ថារូបគេបានសះស្បើយពីរបួស និងត្រៀមខ្លួនដើម្បីប្រឈមមុខនឹងក្រុមខ្លាំង អ៊ីរ៉ង់ នៅថ្ងៃទី១០ ខែតុលា ក្នុងជំនួបប្រកួតក្រៅដីលើកដំបូងរបស់កម្ពុជា សម្រាប់ការប្រកួតជំនួបទី៣ នៃវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) ប្រចាំពូល C។

ខ្សែបម្រើប្រយុទ្ធរបស់ក្លឹបព្រះខ័នរាជស្វាយរៀង ដែលរងរបួសកជើងអំឡុងពេលក្រុមខ្លួនឈ្នះខេត្ដកំពង់ចាម ៥ទល់០ ក្នុងលីគកំពូលកម្ពុជា បានខកខានការប្រកួត ២លើកដំបូងរបស់កម្ពុជា ក្នុងវគ្គជម្រុះដដែលនេះ។

ក្រុមគោព្រៃកម្ពុជា បានរកបាន ១ពិន្ទុ ពីលទ្ធផលស្មើ ១ទល់១ ជាមួយហុងកុង ក្នុងការប្រកួតបើកឆាក មុនចាញ់បារ៉ែន ០ទល់១ ក្នុងជំនួបទី២។ ទោះយ៉ាងណា ប្រាក់ មុន្នីឧត្តម បានចូលរួមការហ្វឹកហាត់ពេញលេញជាមួយក្រុមជម្រើសជាតិកម្ពុជា ខណៈដែលរូបគេបានត្រៀមខ្លួនរួចជាស្រេចក្នុងការលេងប្រសិនបើត្រូវបានជ្រើសរើសដោយគ្រូបង្វឹក។

ប្រាក់ មុន្នីឧត្តម បានប្រាប់គេហទំព័រ camsports.org ថា៖ «របួសរបស់ខ្ញុំឥឡូវនេះមិនអីទេ ហើយខ្ញុំពិតជារួចរាល់សម្រាប់ការប្រកួត។ ខ្ញុំគិតថា ខ្ញុំជាទាន់ពេលវេលាដើម្បីប្រកួតជាមួយអ៊ីរ៉ង់នៅក្នុងការប្រកួតក្រៅដី។ ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយក្នុងការលេង។ អ្វីគ្រប់យ៉ាងមើលទៅល្អនៅពេលនេះ។ ខ្ញុំនៅឆ្ងាយពីបាល់ទាត់មួយរយៈមកហើយដោយសារតែរបួស ដូច្នេះខ្ញុំមានការព្រួយបារម្ភបន្តិច។»

ខ្សែបម្រើប្រយុទ្ធវ័យ ២៥ឆ្នាំរូវនេះបានបន្តទៀតថា ជុំវិញអារម្មណ៍ក្រោយត្រលប់មកចូលក្រុមជម្រើសជាតិវិញថា៖ «ខ្ញុំ​មាន​អារម្មណ៍​ល្អ។ ខ្ញុំបានហ្វឹកហាត់ជាមួយមិត្តរួមក្រុម ហើយជាធម្មតាយើងប្រជែងបាល់។ ខ្ញុំគិតថា ខ្ញុំមិនមានបញ្ហា ឬការព្រួយបារម្ភអំពីរបួសរបស់ខ្ញុំទេ។»

មានយោបល់ចំពោះក្រុមខ្លាំងប្រចាំទ្វីបអាស៊ី ប្រាក់ មុន្នីឧត្តម បានបញ្ជាក់ថា៖ «អ៊ីរ៉ង់គឺជាក្រុមខ្លាំង ដូច្នេះវាគឺជាការសាកល្បងដ៏ល្អសម្រាប់យើង។ វានឹងក្លាយទៅជាបទពិសោធន៍ដ៏ល្អមួយក្នុងការប្រកួតជាមួយនឹងក្រុមធំ ហើយយើងនឹងដឹងពីការបំពេញមុខងាររបស់ក្រុមយើង ទល់នឹងគូប្រកួតដ៏ស្វិតស្វាញបែបនេះ។»

គួររំលឹកផងដែរថា ជំនួបទី៣ របស់ កម្ពុជា ត្រូវប៉ះជាមួយម្ចាស់ផ្ទះ អ៊ីរ៉ង់ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ លើទឹកដីនៃប្រទេសអ៊ីរ៉ង់ មុននឹងបន្តទទួលជំនួបទី៤ ជាមួយ អ៊ីរ៉ាក់ នៅថ្ងៃទី១៥ ខែដដែលនៅពហុកីឡដ្ឋានជាតិ វិញម្ដង។

បញ្ជាក់ថា ការប្រកួតវគ្គជម្រុះជុំទី២ ពានរង្វាន់ដដែលខាងលើនេះ កម្ពុជា ស្ថិតនៅពូល C ជាមួយក្រុមខ្លាំងៗដូចជា ជម្រើសជាតិអ៊ីរ៉ង​, ជម្រើសជាតិអ៊ីរ៉ាក់​, ជម្រើសកោះហុងកុង និងជម្រើសជាតិ​បា​រ៉ែ​ន៕

 

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់