កំចាយមារ ប៉ះឪម៉ាល់ វគ្គផ្ដាច់ព្រ័ត្រលីគហ្វូតសាលកម្ពុជា ថ្ងៃអាទិត្យនេះ

មាស សុផាណារ៉ុង October 6, 2019


 

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ក្នុងសាលជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ ឈានដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី០៦ ខែតុលា នេះហើយ ដោយក្រុមស.ស.យ.ក ស្រុកកំចាយមារ ត្រូវប៉ះ ក្រុមឪម៉ាល់ ដើម្បីដណ្ដើមជើងឯក គ្រាដែលក្រុម ដោនថោន ( Down Town Sport ) ត្រូវជួប ក្រុមហូមស្ពត ( Home Sport ) ដណ្ដើមចំណាត់ថ្នាក់លេខ៣។

សម្រាប់កម្មវិធីប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ ចំពោះការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ នឹងចាប់ផ្ដើមនាវេលាម៉ោង ២រសៀល ខណៈការប្រកួតដណ្ដើមពាន នឹងចាប់ផ្ដើមនាវេលាម៉ោង ៤ល្ងាច ដោយប្រើប្រាស់ទីលានមជ្ឈមណ្ឌល The Blue Sport តែមួយគត់។

គួរដឹងថា មុនឡើងវគ្គផ្ដាច់ព្រ័ត្រ ក្រុម ស.ស.យ.ក ស្រុកកំចាយមារ ដែលជាអតីតក្រុមជើងឯកឆ្នាំ២០១៧ បានទម្លាក់ក្រុមជើងឯកឆ្នាំ២០១៨ គឺក្រុម Down Town Sport ដោយលទ្ធផល ៥-២ ឯក្រុមឪម៉ាល់ បានយកឈ្នះក្រុម Home Sport ដោយលទ្ធផល ៤-១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ដូច្នេះចាំមើលរវាងក្រុមស.ស.យ.ក ស្រុកកំចាយមារ និងក្រុមឪម៉ាល់ តើក្រុមណាក្លាយជាម្ចាស់ពាន ឆ្នាំ២០១៩?

សូមបញ្ជាក់ជាថ្មីផងដែរថា នេះគឺជារដូវកាលទី៣ ហើយដែលពានរង្វាន់បាល់ទាត់ក្នុងសាលត្រលប់មកប្រកួតសារជាថ្មី បន្ទាប់ពីបាត់មុខអស់ជាច្រើនឆ្នាំ។ ចំពោះការប្រកួតពានរង្វាន់ជើងឯកជាតិ បាល់ទាត់ក្នុងសាល ឆ្នាំ ២០១៩នេះផងដែរ ក៏នឹងមានផ្សាយផ្ទាល់ដោយស្ថានីយទូរទស្សន៍ MYTV ផ្តាច់មុខ គ្រប់ការប្រកួតដែលធ្វើឡើងនៅមជ្ឈមណ្ឌលកីឡា The BLUE។

ត្រលប់មកវិញកាលពីឆ្នាំ២០១៧ ពានរង្វាន់នេះធ្វើការប្រកួតជាលក្ខណៈថ្នាក់ជាតិ មានក្រុមចូលរួមច្រើន និងបែងចែកពូល ប្រកួតច្រើនដំណាក់កាល រហូតដល់រកជើងឯកគឺបានទៅលើ ក្រុមស.ស.យ.ក កំចាយមារ ស្របពេលដែលរដូវកាលទី២ ឆ្នាំកន្លងទៅ ប្រកួតជាលក្ខណៈលីគវិលជុំសន្សំពិន្ទុវិញ ជាមួយនឹងក្រុមចំនួន១០ចូលរួមប្រកួត លទ្ធផលជើងឯកគឺបានទៅលើក្រុម ដោនថោនស្បត ( Down Town Sport ) ដែលទើបតែបញ្ចប់ភារកិច្ចតំណាងកម្ពុជា ប្រកួតក្នុងពានក្លឹបបាល់ទាត់ក្នុងសាលប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF Futsal Club Championship 2019 ) នៅប្រទេសថៃ៕

 

រូបភាព៖ Cambodia Futsal

អត្ថបទ៖ បុត្រា

មតិយោបល់