កីឡាករ ៣រូបត្រូវបានជម្រុះចេញពីបញ្ជីជម្រើសជាតិ ខណៈ ២៣នាក់ទៀតកំពុងធ្វើដំណើរទៅប្រទេសអ៊ីរ៉ង់

មាស សុផាណារ៉ុង October 5, 2019


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បាននឹងកំពុងត្រៀមចាកចេញពីមាតុប្រទេសនៅល្ងាចថ្ងៃទី០៥ ខែតុលា នេះដើម្បីហោះឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់ សម្រាប់ការប្រកួតជំនួបទី៣ នៃវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) ជាមួយអ៊ីរ៉ង់។

តាមការឲ្យដឹងពីមន្ត្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថា កីឡាករទាំង ៣នាក់ដែលពុំមានវត្តមានចេញទៅប្រទេអ៊ីរ៉ង់ រួមមានកីឡាករ ដាវ នីម ( គីរីវង់សុខសែនជ័យ ), កាន់ ពិសាល ( ក្រសួងការពារជាតិ ) និងកីឡាករ សួន សុវណ្ណ ( ព្រះខ័នរាជស្វាយរៀង )។

ខណៈនេះសមាសភាពកីឡាករជម្រើសជាតិកម្ពុជា ទាំង២៣នាក់ បាននឹងកំពុងត្រៀមចាកចេញទៅប្រទេសអ៊ីរ៉ង់ ពោលគឺចាកចេញនាវេលាម៉ោង ១១:២៥ នាទីយប់នេះ តាមជើងហោះហើរ EK 371 ដែលត្រូវហោះឆ្ពោះទៅប្រទេសថៃ ជាមុននសិន មុននឹងបន្តដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ ដោយគ្រោងនឹងទៅដល់នាវេលាម៉ោង ៩ព្រឹក ម៉ោងនៅប្រទេសអ៊ីរ៉ង់។

កាន់ ពិសាល

ដាវ នីម

សួន សុវណ្ណ ( ខាងស្ដាំ )

គួររំលឹកផងដែរថា ជំនួបទី៣ របស់ កម្ពុជា ត្រូវប៉ះជាមួយម្ចាស់ផ្ទះ អ៊ីរ៉ង់ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ លើទឹកដីនៃប្រទេសអ៊ីរ៉ង់ មុននឹងបន្តទទួលជំនួបទី៤ ជាមួយ អ៊ីរ៉ាក់ នៅថ្ងៃទី១៥ ខែដដែលនៅពហុកីឡដ្ឋានជាតិ វិញម្ដង។

បញ្ជាក់ថា ការប្រកួតវគ្គជម្រុះជុំទី២ ពានរង្វាន់ដដែលខាងលើនេះ កម្ពុជា ស្ថិតនៅពូល C ជាមួយក្រុមខ្លាំងៗដូចជា ជម្រើសជាតិអ៊ីរ៉ង​, ជម្រើសជាតិអ៊ីរ៉ាក់​, ជម្រើសកោះហុងកុង និងជម្រើសជាតិ​បា​រ៉ែ​ន៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់