អ៊ីរ៉ង់ ចេញបញ្ជីឈ្មោះកីឡាករ ២៣នាក់ផ្លូវការហើយ តែខ្សែបម្រើរបស់ Brighton ពុំត្រូវបានកោះហៅ

មាស សុផាណារ៉ុង October 5, 2019


 

អ៊ីរ៉ាក់៖ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ នៅថ្ងៃទី០៥ ខែតុលា នេះ បានធ្វើការប្រកាសបញ្ជីឈ្មោះកីឡាកររបស់ខ្លួន ២៣នាក់ជាផ្លូវការហើយ ដើម្បីត្រៀមប្រកួតក្នុងវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និងពានរង្វាន់ជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) ជាមួយកម្ពុជា ក៏ដូចជាបារ៉ែន ក្នុងជំនួបទី៣ និងទី៤។

យោងតាមការប្រកាសនៅលើគេហទំព័រផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់អ៊ីរ៉ង់ បានធ្វើការប្រកាសបង្ហាញនូវសមាសភាពកីឡាករចំនួន ២៣រូប ដែលស្ថិតក្រោមការដឹកនាំដោយគ្រូបង្វឹកសញ្ជាតិប៊ែលហ្ស៊ីក លោក Marc Robert Wilmots ក្នុងនោះរួមមានអ្នកចាំទី ៣រូប, ខ្សែការពារ ៨រូប, ខ្សែបម្រើ ៨រូប និងខ្សែប្រយុទ្ធ ៤រូប ហើយក្នុងចំណោម ២៣នាក់ មាន ៩នាក់ប្រកបអាជីពក្រៅប្រទេសអ៊ីរ៉ង់ ដែលមានដូចជានៅកាតា, ប៊ែលហ្ស៊ីក, ព័រទុយហ្គាល់ និងរុស្ស៊ី។

ភាពខុសប្លែកទៅនឹងបញ្ជីឈ្មោះចុងក្រោយគឺមានការប្រែប្រួលបន្តិចបន្តួច ពោលគឺមានការផ្លាស់ប្ដូរសមាសភាពកីឡាករដែលបានប្រកួត ២ប្រកួតដំបូង មានការផ្លាស់ប្ដូរទាំងអ្នកចាំទី និងកីឡាករថ្មី ២នាក់ដែលប្រកបអាជីពក្នុងស្រុក ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺខ្សែបម្រើដែលកំពុងប្រកបអាជីពជាមួយក្លឹបនៃលីគកំពូលអង់គ្លេស Brighton & Hove Albion កីឡាករ Alireza Jahanbakhsh ពុំមានឈ្មោះក្នុងបញ្ជីឡើយ ដោយសារជួបនូវបញ្ហារបួសជង្គង់។

Alireza Jahanbakhsh ពេលប្រកួតជាមួយ Man City កាលពីរដូវកាលមុន

ខាងក្រោមគឺជាសមាសភាពកីឡាករទាំង ២៣នាក់របស់អ៊ីរ៉ង់៖

  • អ្នកចាំទី: Alireza Beiranvand (Persepolis, លីគអ៊ីរ៉ង់), Rashid Mazaheri (Tractor, លីគអ៊ីរ៉ង់), Payam Niazmand (Sepahan, លីគអ៊ីរ៉ង់)
  • ខ្សែការពារ: Ramin Rezaeian (Al-Shahania SC, លីគកាតា), Majid Hosseini (Trabzonspor, លីគតួរគី), Milad Mohammadi (Gent, លីគប៊ែលហ្ស៊ីក), Siavash Yazdani (Esteghlal, លីគអ៊ីរ៉ង់), Mohammadhossein Kananizadegan (Persepolis, លីគអ៊ីរ៉ង់), Morteza Pouraliganji (Al-Arabi, លីគកាតា), Mohammad Naderi (Persepolis, លីគអ៊ីរ៉ង់), Morteza Manouri (Sepahan, លីគអ៊ីរ៉ង់)
  • ខ្សែបម្រើ: Omid Ebrahimi (Al Ahli, លីគកាតា), Masoud Shojaei (Tractor, លីគអ៊ីរ៉ង់), Ahmad Nourollahi (Persepolis, លីគអ៊ីរ៉ង់), Ashkan Dejagah (Tractor, លីគអ៊ីរ៉ង់), Ali Karimi (Esteghlal, លីគអ៊ីរ៉ង់), Vahid Amiri (Persepolis, លីគអ៊ីរ៉ង់), Ehsan Haji Safi (Tractor, លីគអ៊ីរ៉ង់), Mehrdad Mohammadi (Desportivo Aves, លីគព័រទុយហ្គាល់)
  • ខ្សែប្រយុទ្ធ:  Mehdi Taremi (Rio Ave, លីគព័រទុយហ្គាល់), Sardar Azmoun (Zenit, លីគរុស្សី), Karim Ansarifard (Al-Sailiya, លីគកាតា), Mohammad Mohebbi (Sepahan, លីគអ៊ីរ៉ង់)

ក្រោយមកទៀតក្រុមជម្រើសជាតិអ៊ីរ៉ង់ នឹងចាប់ផ្ដើមធ្វើការប្រមូលផ្ដុំហ្វឹកហាត់ នៅថ្ងៃអាទិត្យ ទី០៦ ខែតុលា ស្អែកនេះ នៅមជ្ឈមណ្ឌបាល់ទាត់ជាតិអ៊ីរ៉ង់ ( National Football Center ) ពោលគឺ ៤ថ្ងៃមុនទទួល កម្ពុជា។

សូមបញ្ជាក់ថា ការប្រកួតវគ្គជម្រុះជុំទី២ ពានរង្វាន់ដដែលខាងលើនេះ កម្ពុជា ស្ថិតនៅពូល C ជាមួយក្រុមខ្លាំងៗដូចជា ជម្រើសជាតិអ៊ីរ៉ង់, ជម្រើសជាតិអ៊ីរ៉ាក់​, ជម្រើសកោះហុងកុង និងជម្រើសជាតិ​បា​រ៉ែ​ន ជំនួបទី៣ កម្ពុជា ត្រូវប៉ះជាមួយ អ៊ីរ៉ង់ នេះផ្ទាល់តែម្ដងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅប្រទេសអ៊ីរ៉ង់ មុននឹងបន្តទទួលជំនួបទី៤ ជាមួយ អ៊ីរ៉ាក់ នៅថ្ងៃទី១៥ ខែដដែល នៅពហុកីឡដ្ឋានជាតិ វិញម្ដង៕

 

អត្ថបទពាក់ព័ន្ធ៖ ជម្រើសជាតិអ៊ីរ៉ង់ ប្រមូលផ្ដុំ ៤ថ្ងៃមុនជួបកម្ពុជា ក្នុងជំនួបទី៣ វគ្គជម្រុះបាល់ទាត់ពិភពលោក

 

រូបភាព៖ REUTERS/Toby Melville

អត្ថបទ៖ ណារ៉ុង

មតិយោបល់