U-19 កម្ពុជា នឹងប្រមូលផ្ដុំហ្វឹកហាត់ស្អែកនេះ ត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះពាន AFC U-19 ជួបថៃ និងម៉ាឡេស៊ី សារជាថ្មី

មាស សុផាណារ៉ុង October 5, 2019


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ១៨ឆ្នាំកម្ពុជា នឹងធ្វើការប្រមូលផ្ដុំហ្វឹកហាត់ នាសប្ដាហ៍ក្រោយនេះហើយ ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ជើងឯកយុវជនអាស៊ី អាយុក្រោម ១៩ឆ្នាំ ( AFC U-19 Championship 2020 ) ពូល G ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១០ ខែវិច្ឆិកាខាងមុខ នៅលើទីលានពហុកីឡដ្ឋានជាតិ។

តាមការបង្ហើបរបស់មន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា នេះគឺជាប្រមូលផ្ដុំហ្វឹកហាត់បឋម លើកទី១ ដែលត្រូវធ្វើឡើងនាទីលានមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៤ ខែតុលានេះ ក្រោមដឹកនាំគ្រូបង្វឹកជនជាតិជប៉ុន លោក Gyotoku Koji ហើយមានកីឡាករប្រមាណ ៣០នាក់ត្រូវបានកោះហៅ។

គួរដឹងថា សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFC U-19 Championship 2020 ក្រុមគោព្រៃជំទង់កម្ពុជា គឺស្ថិតក្នុងពូល G ជាមួយក្រុមជម្រើសជាតិ U-19 ថៃ, ម៉ាឡេស៊ី, ប្រ៊ុយណេ និងកោះម៉ារីណាខាងជើង ខណៈការប្រកួតបើកឆាក កម្ពុជា ត្រូវប៉ះម៉ាឡេស៊ីមុនគេ នាថ្ងៃទី០២-វិច្ឆិកា។ ការប្រកួតក្រុមឈរលេខ១ នឹងបានឡើងជុំផ្ដាច់ព្រ័ត្រ ខណៈក្រុមលេខ២ ត្រូវជ្រើសរើស ៥ក្រុមល្អជាងគេឡើងទៅជុំបន្ដ។

អ្វីដែលជាការចាប់អារម្មណ៍ កម្ពុជា ត្រូវប្រឈមមុខជាមួយក្រុមដែលទើបតែជួបគ្នាក្នុងពានជើងឯកយុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម ១៨ឆ្នាំ ដូចជាថៃ ដែលកម្ពុជា ឈ្នះ ៣ទល់៤ និងម៉ាឡេស៊ី ដែលកម្ពុជា ចាញ់ ៣ទល់០ កាលពីសីហា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ នៅប្រទេសវៀតណាម៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ បុត្រា

មតិយោបល់