U-16 កម្ពុជា ត្រៀមចូលរួមប្រកួតពានរង្វាន់អន្តរជាតិមួយនៅប្រទេសបង់ក្លាដេស នាពាក់កណ្ដាលខែតុលានេះ

មាស សុផាណារ៉ុង October 5, 2019


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៦ឆ្នាំ ដែលទើបតែបញ្ចប់ការប្រកួតក្នុងវគ្គជម្រុះ ពានរង្វាន់ជើងឯកយុវជនអាស៊ី អាយុក្រោម១៦ឆ្នាំ ( AFC U-16 Championship 2020 ) កាលពីចុងខែកញ្ញា នេះគ្រោងនឹងទៅចូលរួមការប្រកួតពានអន្តរជាតិមួយផ្សេងទៀត នៅប្រទេសបង់ក្លាដេស។

យោងតាមការជូនដំណឹងបានបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៦ឆ្នាំ ត្រូវបានអញ្ចើញឲ្យចូលរួមការប្រកួតកម្មវិធីបាល់ទាត់មិត្តភាព បែបអន្តរជាតិក្រៅផ្លូវការ ដែលមានឈ្មោះថា «UEFA Assist U16 Development Tournament 2019» ធ្វើឡើងនៅប្រទេសបង់ក្លាដេស ដែលនៅតំបន់អាស៊ីភាគខាងត្បូង។

ពានរង្វាន់ដដែលខាងលើនេះ គឺគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងដាកា ដោយមានការចូលរួមពីក្រុមចំនួន ៤មកពីតំបន់ផ្សេងៗពីគ្នា រួមមានម្ចាស់ផ្ទះ បង់ក្លាដេស ( តំបន់អាស៊ីខាងត្បូង ), កម្ពុជា ( អាស៊ីអាគ្នេយ៍ ) និង ២ប្រទេសផ្សេងទៀតមកពី តំបន់អាស៊ីខាងត្បូងដូចគ្នា និងទ្វីបអ៊ឺរ៉ុប។

សម្រាប់ព្រឹត្តិការណ៍នេះ គឺផ្ដួចផ្ដើមរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអ៊ឺរ៉ុប ( UEFA ) ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដោយជ្រើសរើសយកទឹកដីប្រទេសនៅទ្វីបអាស៊ីជាទីតាំងប្រកួត។ មិនត្រឹមតែជាការប្រកួតបាល់ទាត់ ព្រឹត្តិការណ៍នេះមានគោលបំណង លើកទឹកចិត្តយុវជនទាំងអស់អោយចូលរួមក្នុងការងារ និងការសិក្សារបស់ពួកគេ ខណៈដែលកំពុងប្រកួតតំណាងប្រទេសរបស់ខ្លួន។ ទិដ្ឋភាពសំខាន់មួយទៀតនៃព្រឹត្តិការណ៍នេះ គឺការស្វែងយល់អំពីប្រវត្តិសាស្ត្រ និងវប្បធម៌របស់ប្រទេសម្ចាស់ផ្ទះផងដែរ។

សូមបញ្ជាក់ថា នេះជាការចូលរួមព្រឹត្តិការណ៍ថ្មីមួយទៀតហើយ សម្រាប់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៦ឆ្នាំ ក្នុងឆ្នាំ២០១៩ នេះទាំងពានរង្វាន់ផ្លូវការ និងក្រៅផ្លូវការ ពោលគឺបានប្រកួតក្នុងពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍ ( AFF U-15 Championship 2019 ) នៅប្រទេសថៃ ដោយទទួលបានចំណាត់ថ្នាក់លេខ៥ ប្រចាំពូល B ប្រកួត ៥ដង មិនដែលឈ្នះ ស្មើ១ និងចាញ់ ៤ មាន ១ពិន្ទុ, បានចូលរួមប្រកួតក្នុងពានអន្តរជាតិនៅប្រទេសចិន «Jinshan Cup» International Youth Football Championship 2019 ដោយទទួលបានចំណាត់ថ្នាក់លេខ៦ ក្នុងចំណោម ៨ក្រុម ផងដែរ និងចុងក្រោយនេះ ចូលរួមប្រកួតពានរង្វាន់ជើងឯកយុវជនអាយុក្រោម ១៦ឆ្នាំ ប្រចាំទ្វីបអាស៊ី វគ្គជម្រុះ ( AFC U16 Championship 2020 Qualifiers ) ប្រចាំពូល J នៅប្រទេសឡាវ ដែលទើបតែបញ្ចប់កាលពីពេលថ្មីៗនេះ បញ្ចប់ទៅដោយឈរនៅលេខ៤ ប្រចាំពូល J នេះ ដោយប្រកួត ៣ដង មិនដែលឈ្នះ និងចាញ់ទាំង ៣ដង មាន ០ពិន្ទុ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់