លោក Felix ថាលេងជាមួយក្រុមខ្លាំងដូចអ៊ីរ៉ង់ និងមានកីឡាករលេងក្នុង Champions League គឺជាអ្វីដែលក្រុមចង់ជួប

មាស សុផាណារ៉ុង October 4, 2019


 

ភ្នំពេញ៖ លោក Felix G.Dalmas បានបង្ហើបថា លេងជាមួយក្រុមខ្លាំងដូចអ៊ីរ៉ង់ និងមានកីឡាករលេងក្នុងក្របខណ្ឌទ្វីបពានរង្វាន់ក្លឹបបាល់ទាត់អ៊ឺរ៉ុប «UEFA Champions League» គឺជាអ្វីដែលក្រុមលោកចង់ជួប។

ការថ្លែងបែបនេះ គឺនៅក្នុងសន្និសីទសារព័ត៌មានប្រកាសក្រុមហ៊ុនដៃគូឧបត្ថម្ភ សម្រាប់ឆ្នាំ២០១៩-២០២០ ដល់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ នេះ នៅសណ្ឋាគារ Sunway Hotel & Resort រាជធានីភ្នំពេញ។

សំណួរត្រូវបានចោទសួរថា តើក្រុមមានក្ដីកង្វល់ដែរឬទេ ពេលប្រកួតជាមួយក្រុមដូចជាអ៊ីរ៉ង់ ដែលមានកីឡាករលេងនៅក្លឹប Zenit Saint Petersburg របស់រុស្ស៊ី ហើយទាត់ចូលទីបាន ២គ្រាប់ក្នុងពានរង្វាន់ក្លឹបបាល់ទាត់អ៊ឺរ៉ុប ( UEFA Champions League ) ទៀត? លោក Felix G.Dalmas បានឆ្លើយតបថា៖ «មែនហើយ ខ្ញុំក៏ដឹងថាមានកីឡាករម្នាក់ទាត់ចូលក្នុងពានរង្វាន់នេះកាលពីម្សិលមិញ។ ពិតណាស់ កីឡាករស្ទើរតែទាំងអស់របស់អ៊ីរ៉ង់គឺសុទ្ធតែខ្លាំង មិនមែនតែរូបគេម្នាក់ឡើយ ( Sardar Azmoun ) ប៉ុន្តែដូចដែលខ្ញុំធ្លាប់បាននិយាយ យើងពិតជារីករាយក្នុងការប្រកួតណាដែលកាន់តែមានភាពប្រកួតប្រជែងខ្លាំងឡើងៗ ដែលនេះគឺអ្វីដែលនាំឲ្យយើងរីកចម្រើន ស្របពេលជាមួយគ្នានាំឲ្យកម្រិតនៃការប្រកួតរបស់យើងកាន់តែខ្ពស់ ហើយវានឹងក្លាយជាឱកាសដ៏ល្អមួយសម្រាប់យើង និងខ្ញុំជឿជាក់ថាកីឡាកររបស់យើងនឹងធ្វើវាបានយ៉ាងល្អ ជាពិសេសផ្ដោតទៅលើអ្វីដែលយើងកំពុងអនុវត្តន៍ និងភ្ជាប់ជាមួយបទពិសោធន៍ សមត្ថភាព និងគោលគំនិតរបស់យើង ខ្ញុំជឿជាក់ថាយើងនឹងធ្វើឲ្យការប្រកួតកាន់តែមានភាពខ្លាំងក្លាជាមួយពួកគេ។»

និយាយដោយឡែក សមាជិកនៃក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ កីឡាករ Sardar Azmoun ដែលបានក្លាយជាកីឡាករដំបូងគេដែលនៅរដូវកាល ២០១៩-២០២០ នៃក្របខ័ណ្ឌកំពូលប្រចាំទ្វីបអ៊ឺរ៉ុប ( UEFA Champions League ) ជាមួយក្លឹបដែលខ្លួនកំពុងប្រកបអាជីព Zenit Saint Petersburg កាលពី ២សប្ដាហ៍មុន កាលពីយប់ថ្ងៃទី០២ ខែតុលា រូបគេបានរកគ្រាប់បាល់បាន ១គ្រាប់ទៀត ក្នុងជំនួបដែលជួយឲ្យក្រុមយកឈ្នះ Benfica ៣ទល់១ ប្រចាំពូល G។

សូមបញ្ជាក់ផងដែរថា តាមគម្រោង ក្នុងជំនួបទី៣ ប្រចាំពូល C អ៊ីរ៉ង់ នឹងបើកទ្វារទទួល កម្ពុជា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះនៅកីឡដ្ឋាន Azadi Stadium ដែលជាទឹកដីរបស់អ៊ីរ៉ង់ផ្ទាល់។ ក្នុងពូល C ដដែលនេះ អ៊ីរ៉ង់ កំពុងស្ថិតនៅលើកម្ពុជា ដោយឈរនៅលេខ២ បន្ទាប់ពីប្រកួតបានមួយដង ឈ្នះហុងកុង ០ទល់២ ស្របពេលដែលកម្ពុជា កំពុងនៅលេខ៤ ក្រោយប្រកួត ២ដង ស្មើ១ និងចាញ់១៕

 

រូបភាព៖ UEFA Champions League | fczenit_en

អត្ថបទ៖ ណារ៉ុង

មតិយោបល់