ក្រុមបាល់ទាត់ជម្រេីសជាតិកម្ពុជា ទទួលបានការឧបត្ថម្ភពីដៃគូ សម្រាប់ឆ្នាំ២០១៩-២០២០

មាស សុផាណារ៉ុង October 4, 2019


 

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាឈុតធំ តាមរយៈសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធ្វើពិធីប្រកាសក្រុមហ៊ុនដៃគូឧបត្ថម្ភ សម្រាប់ឆ្នាំ២០១៩-២០២០ នៅសណ្ឋាគារ Sunway Hotel & Resort រាជធានីភ្នំពេញ។

ពិធីនេះស្ថិតក្រោមការចូលរួមពីសំណាក់ឯកឧត្តម ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា, គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា លោក Felix Dalmas, តំណាងក្រុមហ៊ុនដៃគូឧបត្ថម្ភ Minebea Cambodia និងតំណាងក្រុមហ៊ុន Smart Axiata រួមទាំងសមាជិកនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។

ថ្លែងក្នុងពីធីនេះ លោក Felix Dalmas ដែលជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា រួមទាំងជាតំណាងក្រុមជម្រើសជាតិផងដែរនោះ បានសម្ដែងនូវការថ្លែងអំណរគុណដល់ម្ចាស់ឧបត្ថម្ភដែលបានឧប្តម្ភដល់ក្រុមជម្រើសជាតិកម្ពុជា ហើយជាការតបស្នងលោក រួមទាំងក្រុមទាំងមូលនឹងព្យាយាមឲ្យអស់ពីសមត្ថភាព រួមទាំងដើម្បីបាល់ទាត់កម្ពុជា និងប្រជាជនកម្ពុជាផងដែរ។

ដោយឡែកឯកឧត្តម ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានថ្លែងអំណរគុណផងដែរដល់ក្រុមហ៊ុនដៃគូឧបត្ថម្ភទាំងពីរ និងមិនមែនតែក្រុមហ៊ុន ២នេះ ក្រុមហ៊ុនផ្សេងៗទៀតផងដែរ ដែលតែងតែជួយជ្រៀមជ្រែងសហព័ន្ធ ក៏ដូចជាក្រុមជម្រើសជាតិ។

លោកបន្តថា ការជួយឧប្តម្ភនេះ គឺផ្ដល់ផលប្រយោជន៍ច្រើន ដ្បិតបើក្រឡេកមើលកម្មវិធីប្រកួតប្រចាំឆ្នាំរបស់កម្ពុជា មានច្រើនទាំងក្នុងស្រុក និងក្រៅស្រុក ឬការអញ្ជើញក្រុមប្រទេសផ្សេងទៀតមកប្រកួតនៅកម្ពុជា ចំណាយទៅលើការផ្គត់ផ្គង់កីឡាករជម្រើសជាតិ ជាដើម។

សូមបញ្ជាក់ថា ដៃគូឧបត្ថម្ភនេះ គឺសម្រាប់តែក្រុមបាល់ទាត់ជម្រើសជាតិឈុតធំប៉ុណ្ណោះ និងមានសពលភាពដល់បំណាច់ឆ្នាំ២០២០ ខាងមុខ។ ចាំបានថា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅសហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ( FFC ) បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន Minebea (Cambodia) Co. , Ltd. របស់​ជប៉ុន ក្នុងនាម​ជា​ដៃគូសហការ​ឧបត្ថម្ភសម្រាប់​ឆ្នាំ២០១៩-២០២០​។

ក្នុង​រយៈពេល​ ២​ឆ្នាំនេះ ក្រុមការងារ​គ្រូបង្វឹក និង​ក្រុម​កីឡាករ​ជម្រើសជាតិកម្ពុជា នឹង​ប្រើប្រាស់​ឯកសណ្ឋាន​ផ្លូវការ​ដែលមាន​ស្លាក​សញ្ញា​ក្រុមហ៊ុនទាំងពីរ រួមទាំង​ការដាក់​ឡូ​ហ្គូ​នៅ​ពហុ​កីឡដ្ឋានជាតិ ពេលប្រកួតរបស់ក្រុមគោព្រៃ ជាដើម៕​

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់