សារ៉េត គ្រីយ៉ា ថា៖ «យើងគ្មានសម្ពាធអ្វីឡើយក្នុងការប្រឈមមុខជាមួយក្រុមខ្លាំង»

មាស សុផាណារ៉ុង October 4, 2019


 

ភ្នំពេញ៖ ខ្សែការពារនៃក្រុមជម្រើសជាតិកម្ពុជា សារ៉េត គ្រីយ៉ា អះអាងថាក្រុមនេះមិនមានសម្ពាធក្នុងការប្រឈមមុខជាមួយក្រុមខ្លាំងៗនោះទេ ដ្បិតកម្ពុជា នឹងត្រូវប៉ះអ៊ីរ៉ង់ ក្នុងការប្រកួតក្រៅដីលើកដំបូងរបស់ពួកគេ និងជាការប្រកួតលើកទី ៣ ប្រចាំពូល C  ក្នុងវគ្គជម្រុះ FIFA World Cup ឆ្នាំ២០២២។

កីឡាកររបស់ព្រះខ័នរាជស្វាយរៀង ដែលតែងតែបង្ហាញមុខជាមួយក្រុមជម្រើសជាតិកម្ពុជា ក្នុងការប្រកួតនាពេលថ្មីៗនេះ ខណៈដែលរូបគេបានជួយ ឲ្យក្រុមយកឈ្នះជម្រើសជាតិប៉ាគីស្ថាន ឈានចូលដល់ការប្រកួតជុំទី ២។

កីឡាករវ័យ ២៤ឆ្នាំរូបនេះ ក៏បានសរសើរពីកលល្បិចរបស់ លោក Felix Dalmas ដែលជួយពង្រឹងទំនុកចិត្តរបស់ក្រុម និងការធ្វើការជាក្រុមដែលមើលឃើញពួកគេរក្សាបាល់បានច្រើនគួរអោយចាប់អារម្មណ៍អំឡុងពេលប្រកួតជាមួយហុងកុង និងបារ៉ែន។ ការការពារជាក្រុមរបស់ក្រុមគោព្រៃកម្ពុជា ក៏អស្ចារ្យផងដែរ ដោយសារពួកគេមិនរបូតគ្រាប់បាល់បញ្ចូលទីលើសពីមួយគ្រាប់ ក្នុង ៤ប្រកួតចុងក្រោយ នៃក្នុងវគ្គជម្រុះ FIFA World Cup ឆ្នាំ ២០២២។

យ៉ាងណាមិញចំពោះ សារ៉េត គ្រីយ៉ា បានប្រាប់សារព័ត៌មាន camsports.org ថា៖ «ដូចដែលអ្នកទាំងអស់គ្នាបានឃើញនៅក្នុងការប្រកួត ៤លើកចុងក្រោយរបស់យើងយើង ពិតជាលេងបានយ៉ាងល្អ ពីអ្នកចាំទី រហូតដល់ខ្សែប្រយុទ្ធ។ យើងមានការលើកទឹកចិត្តខ្ពស់ និងការប្តេជ្ញាចិត្តខ្ពស់ ដូច្នេះយើងមិនមានការភ័យខ្លាចចំពោះអ្នកណាដែលយើងត្រូវប្រកួតជាមួយនោះទេ។ យើងព្យាយាមលេងបាល់ទាត់របស់យើង ហើយធ្វើតាមកលល្បិចក្រុមរបស់យើងដែលរៀបចំដោយគ្រូបង្វឹករបស់យើង។»

«ខ្ញុំមិនមានសម្ពាធទេ ហើយខ្ញុំពិតជារីករាយដែលបានជួបក្រុមខ្លាំងមួយ។ យើងត្រូវត្រៀមខ្លួនសម្រាប់ការប្រកួតក្នុងដី និងក្រៅដី របស់យើងទាំងអស់ក្នុងពូល C។ យើងព្យាយាមលេង និងអនុវត្តយុទ្ធសាស្រ្តក្រុមរបស់យើងហើយយើងផ្តោតលើការរីកចម្រើនរបស់យើង ជាជាងលទ្ធផល។» គ្រីយ៉ា បានបន្ថែម។

កីឡាករវ័យ ២៤ឆ្នាំដដែលរូបនេះបន្តទៀតថា៖ «ខ្ញុំមិនទាន់លេងអស់ពីសមត្ថភាពរបស់ខ្ញុំនៅឡើយទេ ដូច្នេះខ្ញុំចាំបាច់ត្រូវខិតខំបន្ថែមទៀតដើម្បីទៅដល់គោលដៅដែលខ្ញុំចង់ធ្វើ និងរីកចម្រើន។ សង្ឃឹមថា ខ្ញុំអាចធ្វើបាន។ ខ្ញុំសប្បាយចិត្តណាស់ដែលបានចូលរួម និងលេងអោយក្រុមព្រោះវាជាក្តីសុបិន្តក្នុងវ័យកុមារភាពរបស់ខ្ញុំ ក្នុងការលេងអោយក្រុមជម្រើសជាតិ ក្នុងការប្រកួតបាល់ទាត់ធំបំផុតនៅលើពិភពលោកបែបនេះ។»

បញ្ជាក់ថា ការប្រកួតវគ្គជម្រុះជុំទី២ ពានរង្វាន់ដដែលខាងលើនេះ កម្ពុជា ស្ថិតនៅពូល C ជាមួយក្រុមខ្លាំងៗដូចជា ជម្រើសជាតិអ៊ីរ៉ង់​, ជម្រើសជាតិអ៊ីរ៉ាក់​, ជម្រើសកោះហុងកុង និងជម្រើសជាតិ​បា​រ៉ែ​ន ហើយ ២ ប្រកួត​បើកឆាក​ប្រចាំពូល C របស់​កម្ពុជា​កន្លងមក គឺ​បាន​ប្រកួត​ស្មើ ១​ទល់​១ ជាមួយ​ហុងកុង និង​បាន​ចាញ់ បា​រ៉ែ​ន ០​ទល់​១ ខណៈជំនួបទី៣ របស់ កម្ពុជា ត្រូវប៉ះជាមួយម្ចាស់ផ្ទះ អ៊ីរ៉ង់ ផ្ទាល់នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅប្រទេសអ៊ីរ៉ង់ នាកីឡដ្ឋាន Azadi Stadium៕

 

អត្ថបទ៖ ហ៊ុយ សុភ័ក្ត្រ

មតិយោបល់