ជម្រើសជាតិកម្ពុជា ចេញទៅបន្សាំទឹកដីប្រទេសអ៊ីរ៉ង់ ៤ថ្ងៃមុនការប្រកួតជម្រុះបាល់ទាត់ពិភពលោក

មាស សុផាណារ៉ុង October 4, 2019


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងចាកចេញពីមាតុប្រទេស ទៅកាន់ប្រទេសអ៊ីរ៉ង់ ៤ថ្ងៃមុនការប្រកួតវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និងពានរង្វាន់ជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) មកដល់។

តាមការឲ្យដឹងពីមន្ត្រីសារព័ត៌មានរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថាសមាសភាពក្រុមទាំងមូលនឹងចាកចេញ ពីទឹកដីកម្ពុជា នៅយប់ថ្ងៃទី០៥ ខែតុលា នៅវេលាម៉ោង ១១យប់ ប៉ុន្តែពុំបានបញ្ជាក់ពីជើងហោះហើរឡើយ។ បែបនេះគឺបានសេចក្ដីថា ជម្រើសជាតិកម្ពុជា នឹងមានពេលវេលាបន្សាំ ក៏ដូចជាហ្វឹកហាត់នៅប្រទេសអ៊ីរ៉ង់ ចំនួន ៤ថ្ងៃមុនការប្រកួតមកដល់។

គួររំលឹកផងដែរថា ជំនួបទី៣ របស់ កម្ពុជា ត្រូវប៉ះជាមួយម្ចាស់ផ្ទះ អ៊ីរ៉ង់ ផ្ទាល់នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅប្រទេសអ៊ីរ៉ង់ នាកីឡដ្ឋាន Azadi Stadium។

បញ្ជាក់ថា ការប្រកួតវគ្គជម្រុះជុំទី២ ពានរង្វាន់ដដែលខាងលើនេះ កម្ពុជា ស្ថិតនៅពូល C ជាមួយក្រុមខ្លាំងៗដូចជា ជម្រើសជាតិអ៊ីរ៉ង់​, ជម្រើសជាតិអ៊ីរ៉ាក់​, ជម្រើសកោះហុងកុង និងជម្រើសជាតិ​បា​រ៉ែ​ន ហើយ ២ ប្រកួត​បើកឆាក​ប្រចាំពូល C របស់​កម្ពុជា​កន្លងមក គឺ​បាន​ប្រកួត​ស្មើ ១​ទល់​១ ជាមួយ​ហុងកុង និង​បាន​ចាញ់ បា​រ៉ែ​ន ០​ទល់​១៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់