សៀង ចន្ធា ក្លាយជាបេក្ខភាពប្រជែងពានកីឡាករយុវជនល្អប្រចាំឆ្នាំ AFC Annual Award 2019

មាស សុផាណារ៉ុង October 4, 2019


 

ភ្នំពេញ៖ ខ្សែប្រយុទ្ធឆ្នើមវ័យក្មេងរបស់កម្ពុជា សៀង ចន្ធា ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បញ្ជូនឈ្មោះចូលរួមជាបេក្ខភាពប្រកួតប្រជែងកីឡាករយុវជនល្អប្រចាំឆ្នាំ ប្រចាំទ្វីបអាស៊ី ក្នុងកម្មវិធី «AFC Annual Award 2019»។ នេះបើតាមការប្រកាសលើទំព័រហ្វេសប៊ុកផ្លូវការរបស់សហព័ន្ធ នៅព្រឹកថ្ងៃសុក្រនេះ។

នេះគឺជាលើកដំបូងហើយ ដែលកម្ពុជាបានបញ្ជូនឈ្មោះកីឡាករ ចូលរួមកម្មវិធីប្រចាំឆ្នាំប្រចាំតំបន់រៀបចំដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ខណៈកម្មវិធីនេះ ត្រូវបានបង្កើតអស់រយៈពេល ២៥ឆ្នាំមកហើយ ( រាប់គិតចាប់តាំងពីឆ្នាំ ១៩៩៤ )។ តាមគម្រោងកម្មវិធីនេះ នឹងធ្វើឡើងនៅខែធ្នូ ដោយកោះហុងកុង នឹងទទួលរៀបចំពិធីទាំងមូល។

ជាមួយការបញ្ជូនឈ្មោះកីឡាករ សៀង ចន្ធា ចូលរួមកម្មវិធីខាងលើ សហព័ន្ធមិនបានបញ្ជាក់អំពីមូលហេតុនោះទេ ប៉ុន្ដែផ្អែកលើសមិទ្ធផល និងការខំប្រឹងរបស់សមាជិកក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីរូបនេះ ដែលតែងជាប់ជម្រើសជាតិគ្រប់កម្រិត តាំងពីក្រុមយុវជន រហូតដល់ក្រុមធំ ទើបធ្វើឲ្យរូបគេមានឱកាសចូលរួមប្រកួតប្រជែងពានរង្វាន់កីឡាយុវជនល្អប្រចាំឆ្នាំ AFC Annual Award 2019។

សូមបញ្ជាក់ថា កម្មវិធី AFC Annual Award 2019 បានបង្កើតឲ្យមានពានរង្វាន់សម្រាប់បណ្ដាលប្រទេសក្នុងតំបន់អាស៊ីចូលរួមប្រកួតប្រជែង ទាំងកីឡាករល្អ កីឡាការិនីល្អ កីឡាករយុវជនល្អ ក្រុមជម្រើសជាតិល្អ ក្លឹបល្អ គ្រូបង្វឹកល្អ និងសហព័ន្ធល្អជាដើម ដើម្បីលើកទឹកចិត្ដ និងជំរុញការអភិវឌ្ឍវិស័យកីឡាបាល់ទាត់ក្នុងតំបន់អាស៊ីឲ្យកាន់តែរីកចម្រើន៕

 

អត្ថបទ៖ បុត្រា

មតិយោបល់