ការចាប់ឆ្នោតបែងចែកពូលក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើប្រភេទកីឡាបាល់ទាត់ សម្រេចលើកពេល

មាស សុផាណារ៉ុង October 3, 2019


 

ហ្វីលីពីន៖ ការចាប់ឆ្នោតបែងចែកពូល ក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( SEA Games 2019 ) នៅប្រទេសហ្វីលីពីន ដែលគ្រោងធ្វើឡើងសម្រាប់ប្រភេទកីឡាបាល់ទាត់ លើវិញ្ញាសារបុរស និងនារី នៅថ្ងៃទី០៣ ខែតុលា នេះត្រូវសម្រេចលើកពេល។

ការចាប់ឆ្នោតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ កាលពីឆ្នាំ២០១៧ នៅម៉ាឡេស៊ី

យោងតាមសារព័ត៌មានប្រទេសក្នុងតំបន់បានបញ្ជាក់ថា ការចាប់ឆ្នោតបែងចែកពូល ក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( SEA Games 2019 ) នៅប្រទេសហ្វីលីពីន នឹងលើករំលងទៅ ១៣ថ្ងៃបន្ទាប់ ពោលគឺលើកទៅថ្ងៃទី១៥ ខែតុលា ខាងមុខវិញ ដោយពុំមានបញ្ជាក់មូលហេតុ។

ដ្បិតលើកពេលនៃការចាប់ឆ្នោតបែងចែកពូល ប៉ុន្តែការបែងចែកប្រអប់នៅតែរក្សានៅដដែល ដោយផ្អែកលើលទ្ធផលចុងក្រោយរបស់ក្រុមទាំងអស់ ក្នុងព្រឹត្តិការណ៍ចុងក្រោយ ឆ្នាំ២០១៧ កន្លងទៅនៅប្រទេសម៉ាឡេស៊ី ខណៈដែលកម្ពុជា ត្រូវស្ថិតនៅប្រអប់ទី៤ ជាមួយក្រុមខ្លាំង សិង្ហបុរី, ឡាវ, ព្រុយណេ និងទីម័រខាងកើត ( ដំបូងឡើយ វៀតណាម ស្ថិតនៅប្រអប់ទី៤ នេះប៉ុន្តែក្រោយមកបានតវ៉ា រហូតបានឡើងមកប្រអប់ទី៣ វិញ )។

ប្រអប់ត្រូវបានបែងចែកជា៤ ក្នុងនោះ៖

  • ប្រអប់ទី១ គឺសម្រាប់ក្រុមម្ចាស់ផ្ទះ ហ្វីលីពីន ជាមួយក្រុមការពារតំណែងជើងឯក ថៃ
  • ប្រអប់ទី២ គឺសម្រាប់ក្រុមលេខ២ ម៉ាឡេស៊ី និងលេខ៣ ឥណ្ឌូនេស៊ី
  • ប្រអប់ទី៣ គឺសម្រាប់ក្រុមលេខ៤ មីយ៉ាន់ម៉ា និងក្រុមបន្តបន្ទាប់ វៀតណាម
  • ប្រអប់ទី៤ រួមមាន សិង្ហបុរី , ឡាវ , កម្ពុជា , ព្រុយណេ និងទីម័រខាងកើត

U22 ថៃ ឈ្នះមេដាយមាស កាលពីឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី

សូមបញ្ជាក់ថា សម្រាប់ការប្រកួតលើកទី៣០ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ នៅប្រទេសហ្វីលីពីន នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ជាមួយនឹង៥២៣ វិញ្ញាសាប្រកួត លើប្រភេទកីឡាចំនួន ៥៦ ប៉ុន្តែសម្រាប់ប្រភេទកីឡាបាល់ទាត់ គឺចាប់ផ្ដើមពីថ្ងៃទី២៥ ខែវិច្ឆិកា ហើយនឹងបញ្ចប់នៅថ្ងៃទី១០ ខែធ្នូ។

ក្នុងព្រឹត្តិការណ៍ដដែលនេះ សម្រាប់ប្រភេទកីឡាបាល់ទាត់របស់បុរស នឹងធ្វើឡើងនៅកីឡដ្ឋាន Rizal Memorial ក្នុងទីក្រុង Manila ខណៈកីឡដ្ឋាន Binan Football Stadium ក្នុងទីក្រុង Binan និង Laguna គឺសម្រាប់ប្រភេទកីឡាបាល់ទាត់ស្រ្តី ហើយកីឡដ្ឋានទាំងនេះ សុទ្ធតែមានទីលានជាស្មៅសិប្បនិមិត្ត៕

 

ចុចអានអត្ថបទ៖ ២ថ្ងៃ មុនការចាប់ឆ្នោតបែងចែកពូល ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើវិញ្ញាសាបាល់ទាត់បុរស

 

រូបភាព៖ wheninmanila | ESPN

អត្ថបទ៖ ណារ៉ុង

មតិយោបល់