ខ្សែប្រយុទ្ធជម្រើសជាតិអ៊ីរ៉ង់ ទាត់ចូលក្នុង Champions League មួយគ្រាប់ទៀតហើយ មុនជួបកម្ពុជា នាប៉ុន្មានថ្ងៃខាងមុខ

មាស សុផាណារ៉ុង October 3, 2019


 

អ៊ឺរ៉ុប៖ សមាជិកនៃក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ កីឡាករ Sardar Azmoun ដែលបានក្លាយជាកីឡាករដំបូងគេដែលនៅរដូវកាល ២០១៩-២០២០ នៃក្របខ័ណ្ឌកំពូលប្រចាំទ្វីបអ៊ឺរ៉ុប ( UEFA Champions League ) ជាមួយក្លឹបដែលខ្លួនកំពុងប្រកបអាជីព Zenit Saint Petersburg កាលពី ២សប្ដាហ៍មុន នៅយប់មិញនេះ រូបគេរកគ្រាប់បាល់បានមួយគ្រាប់ទៀតហើយ មុនជួបកម្ពុជា នាប៉ុន្មានថ្ងៃខាងមុខ។

គ្រាប់បាល់ទី២ របស់កីឡាករវ័យ ២៤ឆ្នាំរូបនេះ ក្នុងក្របខណ្ឌកំពូលប្រចាំទ្វីបអ៊ឺរ៉ុបដដែលនេះ ធ្វើបាននាជំនួបទី២ ប្រចាំពូល G ទល់នឹង Benfica ដោយទាត់ចូលនៅគ្រាប់ទី៣ ក្នុងលទ្ធផលដែលជួយឲ្យក្រុមយកឈ្នះ Benfica ៣ទល់១។

និយាយដោយឡែកវិញ ចាប់តាំងពីចូលរួមជាមួយ Zenit Saint Petersburg កាលពីខែកុម្ភៈ ឆ្នាំ២០១៩ Sardar Azmoun បានរកគ្រាប់បាល់ឲ្យក្រុមបាន ៤គ្រាប់ហើយ ទាំងក្នុងលីគ និងពានក្រៅស្រុក ក្នុងចំណោមការបង្ហាញខ្លួន ១២ដង។

កីឡាករ Sardar Azmoun មិនយូរមិនឆាប់នឹងត្រូវប្រកួតតទល់នឹងក្រុមគោព្រៃកម្ពុជា ក្នុងវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ប្រចាំទ្វីបអាស៊ី ( 2022 FIFA World Cup qualification ) ក៏ដូចជាពានរង្វាន់ជើងឯកទ្វីបអាស៊ី ( AFC Asian Cup 2023 ) ដ្បិតជម្រើសជាតិអ៊ីរ៉ង់ ស្ថិតនៅពូល C រួមគ្នាជាមួយកម្ពុជា, អ៊ីរ៉ាក់, បារ៉ែន និងហុងកុង ហើយស្របពេលដែលកីឡាកររូបនេះ គឺជាប់ជម្រើសជាតិ តាំងពីឆ្នាំ២០១៤។

តាមគម្រោង ក្នុងជំនួបទី៣ ប្រចាំពូល C អ៊ីរ៉ង់ នឹងបើកទ្វារទទួល កម្ពុជា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះនៅកីឡដ្ឋាន Azadi Stadium ដែលជាទឹកដីរបស់អ៊ីរ៉ង់ផ្ទាល់។

សូមបញ្ជាក់ផងដែរថា ក្នុងពូល C ដដែលនេះ អ៊ីរ៉ង់ កំពុងស្ថិតនៅលើកម្ពុជា ដោយឈរនៅលេខ២ បន្ទាប់ពីប្រកួតបានមួយដង ឈ្នះហុងកុង ០ទល់២ ស្របពេលដែលកម្ពុជា កំពុងនៅលេខ៤ ក្រោយប្រកួត ២ដង ស្មើ១ និងចាញ់១៕

 

រូបភាព៖ UEFA Champions League | fczenit_en

អត្ថបទ៖ ណារ៉ុង

មតិយោបល់