ជម្រើសជាតិអ៊ីរ៉ង់ ប្រមូលផ្ដុំ ៤ថ្ងៃមុនជួបកម្ពុជា ក្នុងជំនួបទី៣ វគ្គជម្រុះបាល់ទាត់ពិភពលោក

មាស សុផាណារ៉ុង October 2, 2019


 

អ៊ីរ៉ង់៖ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ ដែលត្រូវទទួល ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក្នុងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសប្រចាំទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និងពានរង្វាន់ជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) វគ្គជម្រុះជុំទី២ ជំនួបទី៣ ប្រចាំពូល C នឹងធ្វើការប្រមូលផ្ដុំហ្វឹក ៤ថ្ងៃមុនជួបកម្ពុជា។

យោងតាមសារព័ត៌មានពីប្រទេអ៊ីរ៉ង់ សម្រាប់ក្រុមជម្រើសជាតិអ៊ីរ៉ង់ នឹងចាប់ផ្ដើមធ្វើការប្រមូលផ្ដុំហ្វឹកហាត់ នៅថ្ងៃអាទិត្យ ទី០៦ ខែតុលា នៅមជ្ឈមណ្ឌបាល់ទាត់ជាតិអ៊ីរ៉ង់ ( National Football Center ) ពោលគឺ ៤ថ្ងៃមុនទទួល កម្ពុជា។ ដោយឡែកចំពោះបញ្ជីឈ្មោះកីឡាករដែលត្រូវកោះហៅមករួមក្រុម នៅមិនទាន់ត្រូវបានប្រកាសឲ្យដឹងនៅឡើយទេ។

ចំពោះមូលហេតុដែលក្រុមនេះប្រមូលផ្ដុំហ្វឹកហាត់បែបនេះ គឺដោយសារកីឡាករស្ទើរតែទាំងអស់ គឺត្រូវប្រកួតតំណាងឲ្យក្លឹបរៀងៗខ្លួន ក្នុងពានរង្វាន់លីគកំពូលអ៊ីរ៉ង់ ក្នុងសប្ដាហ៍ទី៦ នៅចុងសប្ដាហ៍នេះ មុននឹងសម្រាកដើម្បីទុកពេលឲ្យក្រុមជម្រើសជាតិ។

ជំនួបទី៣ កម្ពុជា ត្រូវប៉ះជាមួយ អ៊ីរ៉ង់ ផ្ទាល់នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅប្រទេសអ៊ីរ៉ង់ មុននឹងបន្តទទួលជំនួបទី៤ ជាមួយ អ៊ីរ៉ាក់ នៅថ្ងៃទី១៥ ខែដដែលនៅពហុកីឡដ្ឋានជាតិ វិញម្ដង៕

 

រូបភាព៖ ISNA PHOTO | Amir Kholousi

អត្ថបទ៖ ណារ៉ុង

មតិយោបល់