២ថ្ងៃ មុនការចាប់ឆ្នោតបែងចែកពូល ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើវិញ្ញាសាបាល់ទាត់បុរស

មាស សុផាណារ៉ុង October 1, 2019


 

ហ្វីលីពីន៖ នៅសល់ ២ថ្ងៃទៀតប៉ុណ្ណោះ ការចាប់ឆ្នោតបែងចែកពូល ក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( SEA Games 2019 ) ហ្វីលីពីន នឹងធ្វើឡើងសម្រាប់ប្រភេទកីឡាបាល់ទាត់ លើវិញ្ញាសារបុរស ពោលគឺនៅ ៥៥ថ្ងៃមុនការប្រកួតមកដល់។

ការចាប់ឆ្នោតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ កាលពីឆ្នាំ២០១៧ នៅម៉ាឡេស៊ី

តាមគម្រោងការចាប់ឆ្នោត គឺនឹងធ្វើឡើងនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ នៅលើទឹកដីនៃប្រទេសជាម្ចាស់ផ្ទះផ្ទាល់តែម្ដង ដោយនឹងមានក្រុមចំនួន ១១ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ លើវិញ្ញាសាបាល់ទាត់។

សូមបញ្ជាក់ថា ហ្វីលីពីន ក៏បានប្រកាសពីការចែកប្រអប់សម្រាប់ធ្វើការចាប់ឆ្នោតបែងចែកពូល ដោយផ្អែកលើលទ្ធផលចុងក្រោយរបស់ក្រុមទាំងអស់ ក្នុងព្រឹត្តិការណ៍ចុងក្រោយ ឆ្នាំ២០១៧ កន្លងទៅនៅប្រទេសម៉ាឡេស៊ី ខណៈដែលកម្ពុជា ត្រូវស្ថិតនៅប្រអប់ទី៤ ជាមួយក្រុមខ្លាំង សិង្ហបុរី, ឡាវ, ព្រុយណេ និងទីម័រខាងកើត ( ដំបូងឡើយ វៀតណាម ស្ថិតនៅប្រអប់ទី៤ នេះប៉ុន្តែក្រោយមកបានតវ៉ា រហូតបានឡើងមកប្រអប់ទី៣ វិញ )។

ប្រអប់ត្រូវបានបែងចែកជា៤ ក្នុងនោះ៖

  • ប្រអប់ទី១ គឺសម្រាប់ក្រុមម្ចាស់ផ្ទះ ហ្វីលីពីន ជាមួយក្រុមការពារតំណែងជើងឯក ថៃ
  • ប្រអប់ទី២ គឺសម្រាប់ក្រុមលេខ២ ម៉ាឡេស៊ី និងលេខ៣ ឥណ្ឌូនេស៊ី
  • ប្រអប់ទី៣ គឺសម្រាប់ក្រុមលេខ៤ មីយ៉ាន់ម៉ា និងក្រុមបន្តបន្ទាប់ វៀតណាម
  • ប្រអប់ទី៤ រួមមាន សិង្ហបុរី , ឡាវ , កម្ពុជា , ព្រុយណេ និងទីម័រខាងកើត

សម្រាប់ការចាប់ឆ្នោតនឹងត្រូវបែងចែកចេញជា ២ពូល ក្នុងមួយពូលមាន៥ក្រុម និងមួយពូលទៀតមាន ៦ក្រុម ខណៈក្រុមដែលនៅប្រអប់ជាមួយគ្នាពីប្រអប់ទី១ ដល់ទី៣ នឹងមិនត្រូវស្ថិតនៅពូលជាមួយគ្នានោះទេ។

យ៉ាងណាមិញ ប្រភេទកីឡាបាល់ទាត់បុរស នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( SEA Games 2019 ) ដែលធ្វើនៅប្រទេសហ្វីលីពីន នេះនឹងអនុញ្ញាតិឲ្យមានកីឡាករ ២នាក់ ដែលមានវ័យលើសអាយុ ២២ឆ្នាំអាចចូលរួមប្រកួតបាន ហើយនឹងចុងក្រោយគឺឲ្យមានកីឡាករតែ ២០នាក់ប៉ុណ្ណោះក្នុងក្រុម មិនអាចដល់ ២៣នាក់ឡើយ នេះបើយោងតាមការបង្ហាញឲ្យដឹងដោយសហព័ន្ធកីឡាបាល់ទាត់ប្រចាំតំបន់អាស៊ីអាគ្នេយ៍។

សម្រាប់ការប្រកួតលើកទី៣០ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ នៅប្រទេសហ្វីលីពីន នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ជាមួយនឹង៥២៣ វិញ្ញាសាប្រកួត លើប្រភេទកីឡាចំនួន ៥៦ ប៉ុន្តែសម្រាប់ប្រភេទកីឡាបាល់ទាត់ គឺចាប់ផ្ដើមពីថ្ងៃទី២៥ ខែវិច្ឆិកា ហើយនឹងបញ្ចប់នៅថ្ងៃទី១០ ខែធ្នូ។

ក្នុងព្រឹត្តិការណ៍ដដែលនេះ សម្រាប់ប្រភេទកីឡាបាល់ទាត់របស់បុរស នឹងធ្វើឡើងនៅកីឡដ្ឋាន Rizal Memorial ក្នុងទីក្រុង Manila ខណៈកីឡដ្ឋាន Binan Football Stadium ក្នុងទីក្រុង Binan និង Laguna គឺសម្រាប់ប្រភេទកីឡាបាល់ទាត់ស្រ្តី ហើយកីឡដ្ឋានទាំងនេះ សុទ្ធតែមានទីលានជាស្មៅសិប្បនិមិត្ត៕

 

ប្រភព៖ en.vietnamplus.vn

រូបភាព៖ wheninmanila | ESPN

អត្ថបទ៖ ណារ៉ុង

មតិយោបល់