វឌ្ឍនាកា ត្រូវបានគ្រូបង្វឹកកោះហៅចូលជម្រើសជាតិ ត្រៀមប៉ះអ៊ីរ៉ង់ និងអ៊ីរ៉ាក់ តែរបូតឱកាសវិញដោយសាររបួស

មាស សុផាណារ៉ុង October 1, 2019


 

ភ្នំពេញ៖ ខ្សែប្រយុទ្ធដ៏មានប្រជាប្រិយរបស់កម្ពុជា ចាន់ វឌ្ឍនាកា ត្រូវបានគ្រូបង្វឹកកោះហៅចូលជម្រើសជាតិ តែបានរបូតឱកាស ត្រៀមប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា ( 2022 FIFA World Cup qualification-AFC ) ជាមួយក្រុមជម្រើសជាតិអ៊ីរ៉ង់ និងអ៊ីរ៉ាក់ ទាំងគួរឲ្យសោកស្ដាយ ដោយសាររបួសជង្គង់។

ប្រភពស្និទ្ធនឹងកីឡាករវ័យ ២៤ឆ្នាំរូបនេះ បានឲ្យដឹងថា មុនសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បង្ហាញបញ្ជីឈ្មោះកីឡាករបឋម ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ត្រៀមជួបអ៊ីរ៉ង់ និងអ៊ីរ៉ាក់ លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ក៏បានកោះហៅកីឡាករ ចាន់ វឌ្ឍនាកា ដែរ។ ប៉ុន្ដែដោយសារ វឌ្ឍនាកា រងរបួសអំឡុងការប្រកួតរវាងបឹងកេត និងណាហ្គាវើលដ៏ ទើបធ្វើឲ្យរូបគេ របូតឱកាសជាប់ក្រុមជម្រើសជាតិវិញ។

ជុំវិញបញ្ហារបួសរបស់កីឡាករ ចាន់ វឌ្ឍនាកា នេះ ត្រូវក្រុមគ្រូពេទ្យប្រចាំក្លឹបបឹងកេត អះអាងថា អាចនឹងត្រូវសម្រាកយ៉ាងហោច ២ ទៅ ៣ សប្ដាហ៍ ដូច្នេះក្រៅពីមិនបានចូលរួមជួយក្រុមជម្រើសជាតិកម្ពុជា បឹងកេត ក៏បានសម្ដែងក្ដីបារម្ភអំពីបញ្ហារបួសរបស់ខ្សែប្រយុទ្ធដ៏សំខាន់នេះដែរ ដ្បិតពួកគេត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៣ ជាមួយក្រុមព្រះខ័នរាជស្វាយរៀង នាខែក្រោយ។

ចាន់ វឌ្ឍនាកា ទទួលរងរបួសពេលប៉ះ ណាហ្គាវើលដ៍ ( រូបភាព៖ បឹងកេត )

គួរដឹងថា បន្ទាប់ពីបង្ហាញបញ្ជីឈ្មោះកីឡាករបឋម ២៦នាក់ ដោយគ្មានវត្តមានកីឡាករ ចាន់ វឌ្ឍនាកា ក្រុមគោព្រៃកម្ពុជា នឹងចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ នាល្ងាចថ្ងៃទី០១ ខែតុលានេះ ដើម្បីត្រៀមប្រកួតទី៣ និងទី៣ ក្នុងវគ្គជម្រុះជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅកាតា ប្រចាំពូល C ដោយត្រូវជួបក្រុមជម្រើសជាតិអ៊ីរ៉ង់ នាថ្ងៃទី១០-តុលា នៅប្រទេសអ៊ីរ៉ង់ និងជួបក្រុមជម្រើសជាតិអ៊ីរ៉ាក់ នាថ្ងៃទី១៥-តុលា នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់