ក្រុមគោព្រៃកម្ពុជា ហ្វឹកហាត់ឆ្លាស់ទីលានស្មៅធម្មជាតិ និងសិប្បនិមិត្តមុនប៉ះអ៊ីរ៉ង់ ក្រៅដី និងអ៊ីរ៉ាក់ ក្នុងដី

នូ មករា October 1, 2019


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលត្រូវប្រកួតជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និងពានរង្វាន់ជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) ក្នុងជំនួបទី៣, ទី៤ ទល់នឹងអ៊ីរ៉ាក់ ក៏ដូចជា អ៊ីរ៉ង់​ នឹងចាប់ផ្ដើមធ្វើការហ្វឹកហាត់ជាផ្លូវការនៅថ្ងៃទី០១ ខែតុលា ជាមួយនឹងការឆ្លាស់ទីលានស្មៅធម្មជាតិ និងស្មៅសិប្បនិមិត្ត។

សម្រាប់តាមគម្រោង ក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើការហ្វឹកហាត់នៅថ្ងៃទី១, ថ្ងៃទី៣ និងថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ នៅកីឡដ្ឋានស្មាត.អរអេសអិន ( Smart RSN ) របស់ក្លឹបភ្នំពេញក្រោន ដែលជាទីលានស្មៅធម្មជាតិ ប៉ុន្តែមិនមានការអនុញ្ញាត្តិឱ្យមហាជនចូលរួមទស្សនានោះទេ។

ដោយឡែកសម្រាប់ថ្ងៃគូ ពោលគឺនៅថ្ងៃទី២ និងថ្ងៃទី៤ ខែតុលា គឺនឹងធ្វើការហ្វឹកហាត់នៅលើទីលានស្មៅសិប្បនិមិត្ត ពោលគឺនៅពហុកីឡដ្ឋានជាតិ និងមិនមានការអនុញ្ញាត្តិឱ្យមហាជនចូលរួមទស្សនាដូចគ្នា។ ទាំងនេះបើយោងតាមការបង្ហើបឲ្យដឹងពីមន្ត្រីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលកំពុងស្ថិតនៅក្នុងជំរំជាមួយក្រុមជម្រើសជាតិ។

ការហ្វឹកហាត់បែបនេះ គឺដោយសារកម្ពុជា ត្រូវចេញទៅប្រកួតក្រៅដីនៅប្រទេសអ៊ីរ៉ង់ លើកីឡដ្ឋាន Azadi Stadium ដែលមានទីលានជាស្មៅធម្មជាតិ ហើយក្រោយមកទៀតត្រូវត្រលប់មកប្រកួតនៅលើវាលស្មៅសិប្បនិមិត្ត វិញ ពេលកម្ពុជា ទទួលអ៊ីរ៉ាក់។

គួររំលឹកផងដែរថា ជំនួបទី៣ របស់ កម្ពុជា ត្រូវប៉ះជាមួយម្ចាស់ផ្ទះ អ៊ីរ៉ង់ ផ្ទាល់នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅប្រទេសអ៊ីរ៉ង់ មុននឹងបន្តទទួលជំនួបទី៤ ជាមួយ អ៊ីរ៉ាក់ នៅថ្ងៃទី១៥ ខែដដែលនៅពហុកីឡដ្ឋានជាតិ វិញម្ដង។ បញ្ជាក់ថា ការប្រកួតវគ្គជម្រុះជុំទី២ ពានរង្វាន់ដដែលខាងលើនេះ កម្ពុជា ស្ថិតនៅពូល C ជាមួយក្រុមខ្លាំងៗដូចជា ជម្រើសជាតិអ៊ីរ៉ង​, ជម្រើសជាតិអ៊ីរ៉ាក់​, ជម្រើសកោះហុងកុង និងជម្រើសជាតិ​បា​រ៉ែ​ន។

 

អត្ថបទ៖ មករា

មតិយោបល់