ជម្រើសជាតិបាល់ទាត់ក្នុងសាល ចេញបញ្ជីឈ្មោះបឋម ត្រៀមប្រកួតពានបាល់ទាត់ក្នុងសាលប្រចាំតំបន់អាស៊ាន

មាស សុផាណារ៉ុង October 1, 2019


 

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែតុលា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ចីឈ្មោះបឋមកីឡាករជម្រើសជាតិក្នុងសាល ដើម្បីត្រៀមចូលរួមប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាល ជ្រើសរើសជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( 2019 AFF Futsal Championship ) នៅចុងខែតុលា នេះ។

យោងតាមការបញ្ជាក់នេះគឺជាបញ្ជីឈ្មោះបឋម ដែលមានកីឡាករសរុបចំនួន ២៥នាក់ សុទ្ធសឹងតែជាកីឡាករដែលមកពីក្លឹបប្រកបអាជីពក្នុងពានរង្វាន់បាល់ទាត់ក្នងសាល ថ្នាក់ជាតិ ហើយនឹងត្រូវជម្រុះមកនៅត្រឹម ១៦នាក់ចុងក្រោយ។

សូមបញ្ជាក់ផងដែរថា ពានរង្វាន់បាល់ទាត់ក្នុងសាលជ្រើសរើសជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( 2019 AFF Futsal Championship ) ឆ្នាំ២០១៩ នេះ ធ្វើឡើងនៅប្រទេសវៀតនាម ដោយកម្ពុជា ស្ថិតនៅពូល A ជាមួយ ថៃ, មីយ៉ាន់ម៉ា និងទីម័រខាងកើត ខណៈពូល B មានម្ចាស់ផ្ទះវៀតណាម, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងអូស្ត្រាលី ដោយនឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩។

នេះជាឆ្នាំទី២ ហើយដែលកម្ពុជា ត្រលប់មកចូលរួមពានរង្វាន់នេះជាថ្មីក្រោយខកខានអស់ជាច្រើនឆ្នាំ ចាប់តាំងពីឆ្នាំ២០១៣ មក។ រំលឹកទៅឆ្នាំកន្លងទៅ កម្ពុជា បានបញ្ចប់ទៅដោយស្ថិតនៅបាតតារាង ក្នុងពូល A ដែលមាន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា ក្នុងការប្រកួត ៣ដង ចាញ់ទាំង ៣ដង និងរបូតគ្រាប់បាល់ដល់ទៅ ៣៤គ្រាប់ ហើយទាត់បញ្ចូលទីបាន ២គ្រាប់៕

 

រូបភាព៖ Cambodia Futsal

អត្ថបទ៖ ណារ៉ុង

មតិយោបល់