ជម្រើសជាតិកម្ពុជា ត្រៀមប្រមូលផ្ដុំហ្វឹកហាត់នៅថ្ងៃស្អែក ដើម្បីតតាំងជាមួយ អ៊ីរ៉ាក់ និងអ៊ីរ៉ង់ ក្នុងវគ្គជម្រុះ World Cup

មាស សុផាណារ៉ុង September 30, 2019


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលត្រូវប្រកួតជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និងពានរង្វាន់ជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) ក្នុងជំនួបទី៣, ទី៤ ទល់នឹងអ៊ីរ៉ាក់ ក៏ដូចជា អ៊ីរ៉ង់ គ្រោងនឹងចាប់ផ្ដើមធ្វើការហ្វឹកហាត់នៅថ្ងៃទី០១ ខែតុលា ស្អែកនេះ។

ការប្រមូលផ្ដុំហ្វឹកហាត់ចំថ្ងៃទី០១ ខែតុលា នេះផងដែរ គឺបន្ទាប់ពីបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ ដែលទាំងក្លឹប ក៏ដូចជាក្រុមជម្រើសជាតិទទួលបានការអនុញ្ញាតិឲ្យសម្រាករយៈពេល ៣ថ្ងៃផងដែរ។

សូមបញ្ជាក់ថា កីឡាករចំនួន ២៦រូប ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិ ដែលរួមមានមកពីក្លឹបបាល់ទាត់នៅលីគកំពូលកម្ពុជា ដូចជាក្រសួងការពារជាតិ, ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, បឹងកេត, ណាហ្គាវើលដ៍, វិសាខា, គីរីវង់សុខសែនជ័យ និងយុវជនពីសាលាបាល់ទាត់ជាបាទី ហើយសមាសភាពកីឡាករចំនួន ២៦រូបនេះ នឹងត្រូវដឹកនាំហ្វឹកហាត់ដោយ លោក Felix G.Dalmas រហូតដល់ថ្ងៃចេញទៅប្រកួតនៅប្រទេសអ៊ីរ៉ង់ ទើបជម្រុះមកនៅ ២៣នាក់ចុងក្រោយ។

ជំនួបទី៣ កម្ពុជា ត្រូវប៉ះជាមួយ អ៊ីរ៉ង់ ផ្ទាល់នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅប្រទេសអ៊ីរ៉ង់ មុននឹងបន្តទទួលជំនួបទី៤ ជាមួយ អ៊ីរ៉ាក់ នៅថ្ងៃទី១៥ ខែដដែលនៅពហុកីឡដ្ឋានជាតិ វិញម្ដង៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់