ប្រៀបធៀបបញ្ជីឈ្មោះបឋមកីឡាករជម្រើសជាតិកម្ពុជា ពេលប៉ះហុងកុង និងបារ៉ែន ខែមុន ជាមួយបញ្ជីត្រៀមប៉ះ អ៊ីរ៉ង់ និងអ៊ីរ៉ាក់ នៅខែក្រោយ

មាស សុផាណារ៉ុង September 26, 2019


 

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ចីឈ្មោះកីឡាករជម្រើសជាតិចំនួន ២៦នាក់ ជាផ្លូវការ ដើម្បីត្រៀមការប្រកួតជម្រុះជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ ធ្វើឡើងនៅប្រទេសកាតា ( 2022 FIFA World Cup qualification – AFC ) ខែក្រោយ រវាងកម្ពុជា ជាមួយអ៊ីរ៉ាក់ និង អ៊ីរ៉ង់។

កីឡាករទាំង ២៦នាក់នេះ មកពីក្លឹបបាល់ទាត់នៅលីគកំពូលកម្ពុជា ដូចជាក្រសួងការពារជាតិ, ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, បឹងកេតអែហ្វស៊ី, ណាហ្គាវើលដ៍, វិសាខា, គីរីវង់សុខសែនជ័យ និងយុវជនពីសាលាបាល់ទាត់ជាបាទី ផងដែរ។

ជាការកត់សម្គាល់ កីឡាករ ចាន់ វឌ្ឍនាកា ពុំត្រូវបានកោះហៅចូលក្រុមជម្រើសជាតិសារជាថ្មី ក្រោយទទួលរងរបួសកាលពីសប្ដាហ៍មុនក្នុងជំនួបលីគកំពូលកម្ពុជាទល់នឹងណាហ្គាវើលដ៍ ខណៈដែរ ប្រាក់ មុន្នីឧត្តម ជាមួយ ធារី ចន្ថាប៊ីន ត្រូវបានគ្រូបង្វឹក លោក Felix Dalmas កោះហៅសារជាថ្មីក្រោយខកខាន ២ប្រកួតដំបូងទល់នឹង ហុងកុង ក៏ដូចជាបារ៉ែន ដោយសារជួបបញ្ហារបួស។

ចំពោះកីឡាករ កាន់ វិសាល ត្រូវបានកោះហៅចូលក្រុមជាថ្មីដ្បិតកន្លងមកធ្លាប់មានឈ្មោះកោះហៅក្នុងបញ្ជីបឋមដូចគ្នា ប៉ុន្តែក្រោយមកត្រូវបានជម្រុះចេញ។ រឿងដែលគួរឲ្យចាប់អារម្មណ៍មួយទៀត កីឡាករ ហ៊ុល គឹមហ៊ុយ ដែលធ្លាប់តែជាសមាជិកជារឿយៗត្រូវបានកោះហៅចូលក្រុម តែមួយរយៈចុងក្រោយនេះខកខាន ក៏មានឈ្មោះក្នុងបញ្ជីសារជាថ្មីផងដែរ។

បញ្ជីឈ្មោះថ្នាក់ដឹកនាំ និងកីឡាករ ទាំង ២៦រូប៖

បើប្រៀបធៀបទៅនឹងបញ្ជីឈ្មោះចុងក្រោយដែល លោក Felix Dalmas កោះហៅបឋមប្រកួតជាមួយ ហុងកុង និងបារ៉ែន កាលពីចុងខែសីហា គឺមានការប្រែប្រួលដល់ទៅ ១២នាក់ ខណៈគ្រានោះមានការកោះហៅកីឡាករដល់ទៅ ៣៥នាក់ និងចុងក្រោយជម្រុះមកនៅត្រឹម ២៥នាក់។

កីឡាករដែលពុំត្រូវបានកោះហៅបើធៀបទៅនឹងបញ្ជីឈ្មោះចាស់រួមមាន លី វ៉ាហេទ និង ជា វេសលី ( បឹងកេត ), ណារ៉ុង កក្កដា ( ក្រសួងការពារជាតិ ), សាវែង សំណាង, ម៉ៅ ពិសិដ្ឋ ( ភ្នំពេញក្រោន ), ឃៀង ម៉េងហួរ ( ព្រះខ័នរាជស្វាយរៀង ), ស៊ិន សុផាណាត់, អ៊ិន សូដាវីដ, ទៀត គឺមហេង, សាន គឹមហេង និងស៊ិន កក្កដា ( វិសាខា ) និង ឈង់ ប៊ុនណាត ( អង្គរថាយហ្គឺរ )។ យ៉ាងណាមិញកីឡាករដែលត្រូវបានកោះហៅក្នុងបញ្ជីបឋមនៅគ្រានោះ ហើយដែលត្រូវបានជម្រុះចេញ ភាគច្រើនគឺសុទ្ធសឹងតែជាយុវជនដែលត្រូវត្រៀមសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( ស៊ីហ្គេម ) – SEA Games 2019 នៅប្រទេសហ្វីលីពីន

បញ្ជីឈ្មោះបឋមកីឡាករ ៣៥នាក់ កាលពីជំនួបជាមួយ ហុងកុង និងបារ៉ែន៖

សូមបញ្ជាក់ជាថ្មីថា ការកោះហៅកីឡាករ ២៦នាក់ដែលត្រូវត្រៀមសម្រាប់ការប្រកួតជាមួយ អ៊ីរ៉ង់ និងអ៊ីរ៉ាក់ ផងដែរ គឺជាការកោះហៅប្រមូលផ្ដុំហ្វឹកហាត់ដើម្បីត្រៀមពានរង្វាន់ដដែលនេះ ដោយអាចនឹងចាប់ផ្ដើមនៅក្រោយពិធីបុណ្យភ្ជុំបិណ្ឌ ហើយគ្រោងនឹងធ្វើការជម្រុះបន្តទៀតមកនៅសល់ត្រឹមតែ ២៣នាក់ចុងក្រោយ។

គួររំលឹកផងដែរថា ការប្រកួតវគ្គជម្រុះជុំទី២ ពានរង្វាន់ដដែលខាងលើនេះ កម្ពុជា ស្ថិតនៅពូល C ជាមួយក្រុមខ្លាំងៗដូចជា ជម្រើសជាតិអ៊ីរ៉ង​, ជម្រើសជាតិអ៊ីរ៉ាក់​, ជម្រើសកោះហុងកុង និងជម្រើសជាតិ​បា​រ៉ែ​ន។ ជំនួបទី៣ របស់ កម្ពុជា ត្រូវប៉ះជាមួយម្ចាស់ផ្ទះ អ៊ីរ៉ង់ ផ្ទាល់នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅប្រទេសអ៊ីរ៉ង់ មុននឹងបន្តទទួលជំនួបទី៤ ជាមួយ អ៊ីរ៉ាក់ នៅថ្ងៃទី១៥ ខែដដែលនៅពហុកីឡដ្ឋានជាតិ វិញម្ដង៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់