កុមារ និងយុវជន នៅសៀមរាប ទទួលបានការហ្វឹកហាត់បាល់ទាត់ដោយផ្ទាល់ពីគ្រូបង្វឹក Spurs

មាស សុផាណារ៉ុង September 25, 2019


 

សៀមរាប៖ កាលពីថ្ងៃទី១៥ ខែកញ្ញា កុមារ និងយុវជន ​សរុបជាង ១១៨៣​នាក់ បានទទួលការហ្វឹកហាត់បាល់ទាត់ដោយផ្ទាល់ជាមួយគ្រូបង្វឹកបាល់ទាត់ មកពីក្លឹប Tottenham Hotspur (“Spurs”) នៅចក្រភពអង់គ្លេស ដែលជាដៃគូសកលរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា។

នេះមិនមែនជាលើកទីមួយឡើយ ដែល អេ អាយ អេ ខេមបូឌា នាំក្រុមគ្រូបង្វឹក Spurs មកកាន់ប្រទេសកម្ពុជាដើម្បីបង្ហាត់បាល់ទាត់ដល់កុមារ និង​យុវជនកម្ពុជា។

ពិសេសជាងលើកមុនៗ ដោយ អេ អាយ អេ បាននាំក្រុមគ្រូបង្វឹកទៅដល់ទឹកដីអច្ឆរិយៈក្នុងខេត្តសៀមរាប ដើម្បីបង្ហាត់កុមារដែលនៅទីនោះ។ កម្មវិធីនោះបានប្រព្រឹត្តធ្វើឡើងពេញមួយថ្ងៃគឺថ្ងៃទី១៥​កញ្ញា​ ២០១៩ នៅក្លិបកីឡាយុវជនក្នុងខេត្តសៀមរាប ចាប់ពីម៉ោង ៨​ព្រឹក ដល់ ៦​ ល្ងាច។

អេ អាយ អេ ខេមបូឌា បាននាំគ្រូបង្វឹកទាំងពីររូបមកកាន់ប្រទេសកម្ពុជា ដោយសារតែក្រុមហ៊ុនជាដៃគូផ្លូវការសាកលរបស់ក្លិប Spurs។ ជាផ្នែកមួយនៃការចាប់ដៃគូនេះ Spurs បានដាក់មូលដ្ឋានគ្រូបង្វឹកសម្រាប់ការអភិវឌ្ឍបាល់ទាត់សាកលបីរូបនៅទ្វីបអាស៊ី ដើម្បីគាំទ្រដល់ អេ អាយ អេ ក្នុងការជួយកុមារា កុមារីទាំងឡាយបណ្តុះចំណាប់អារម្មណ៍របស់ពួកគេនៅលើវិស័យបាល់ទាត់ និងជួយឲ្យពួកគេយល់ដឹងអំពីអត្ថប្រយោជន៍សុខភាពនៃការលេងកីឡាជាប្រចាំ។

គួរបញ្ជាក់ផងដែរថា កម្មវិធីហ្វឹកហាត់បាល់ទាត់នេះក៏បានធ្វើនៅភ្នំពេញ នៅថ្ងៃទី១៤ កញ្ញា ២០១៩ ដែលមានការបង្ហាត់ដូចគ្នា ហើយកុមារដែលចូលរួមបានទទួលសំលៀកបំពាក់កីឡាមួយឈុតដោយឥតគិតថ្លៃ និង​វិញ្ញាបនបត្រទទួល​ស្គាល់ដោយក្លិប Spurs នេះផ្ទាល់៕

សូមទស្សនាវីដេអូទាក់ទងនឹងការហ្វឹកហាត់បាល់ទាត់របស់កុមារតូចៗជាមួយគ្រូបង្វឹកដោយផ្ទាល់៖

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់