គ្រូវិសាខាថា ព្រះខ័នរាជស្វាយរៀង ក្លាយជាម្ចាស់ពានរួចទៅហើយ

មាស សុផាណារ៉ុង September 25, 2019


 

ភ្នំពេញ៖ លោក Akeeb Tunji Ayoyinka គ្រូបង្វឹកក្រុមវិសាខា បានលើកឡើងថា ក្រុមព្រះខ័នរាជស្វាយរៀង បានក្លាយជាម្ចាស់ពានលីគកំពូលកម្ពុជា ឆ្នាំ២០១៩ ទៅហើយ។ ការនិយាយបែបនេះ ក្រោយពេលក្រុមទាំងពីរ បានចែកគ្នា ១ពិន្ទុម្នាក់ ក្រោយប្រកួតស្មើគ្នា ១ទល់១ ក្នុងជំនួបសប្ដាហ៍ទី២៣ ជើងទី២ នៅកីឡដ្ឋានវិសាខា កាលពីយប់ថ្ងៃទី២៣ ខែកញ្ញា។

សម្រាប់ជំនួបសងសឹក ក្រោយវិសាខា ចាញ់ព្រះខ័នរាជស្វាយរៀង ៥ទល់៣ កាលពីជើងទី១ នេះ ក្រុមទាំងពីរ ធ្វើបានល្អរៀងៗខ្លួន ដោយវគ្គទី១ ការពារសំណាញ់ទីមិនឲ្យរបូតឡើយ។ ចូលវគ្គទី២ ក្រុមភ្ញៀវបានបំប៉ោងសំណាញ់ទីវិសាខា ១គ្រាប់មុន ដោយកីឡាករ Machell នៅនាទី៥១ តែត្រូវកីឡាករ DA CRUZ រកបានគ្រាប់តាមស្មើឲ្យក្រុមម្ចាស់ផ្ទះ នៅនាទី៧៧ ដែលធ្វើឲ្យលទ្ធផលនេះ រក្សាដល់ចប់ការប្រកួត។

ក្រោយចប់ការប្រកួតលោក Tunji បាននិយាយថា ក្រុមទាំងពីរ ធ្វើបានល្អរៀងៗខ្លួន ក្នុងការប្រកួតដ៏សំខាន់នេះ។ តែលោកថា ពេលនេះព្រះខ័នរាជស្វាយរៀង បានក្លាយជាម្ចាស់ពានទៅហើយ ព្រោះពួកគេមានពិន្ទុនាំមុខក្រុមលេខ២ គឺក្រុមវិសាខា រហូតដល់ទៅ ៨ពិន្ទុឯណោះ។ ហេតុនេះឱកាសប្រជែងជើងឯកសម្រាប់វិសាខា គឺស្ទើរតែគ្មានទៅហើយ បើទោះបីការប្រកួតនៅសល់ ៣ប្រកួតក្នុងដៃរៀងៗខ្លួនក៏ដោយ ។

លោកថា «យើងនឹងព្យាយាមធ្វើឲ្យបានល្អគ្រប់ការប្រកួតនៅសល់ ដើម្បីទទួលបាននូវលទ្ធផលល្អនាចុងរដូវកាល និងចំណាត់ថ្នាក់លេខ២។ ចំពោះការប្រជែងតំណែងជើងឯកវិញ វាមិនមែនជាការងាយស្រួលនោះទេ ក្នុងការប្រជែងពួកគេ (ព្រះខ័នរាជស្វាយរៀង) ព្រោះយើងចាញ់ប្រៀបពួកគេ ៨ពិន្ទុហើយ ខណៈការប្រកួតសល់តែ ៣ប្រកួតទៀតប៉ុណ្ណោះ។ ច្បាស់ណាស់ ពួកគេបានក្លាយជាម្ចាស់ពានរួចទៅហើយ។»

គួរដឹងថា ក្រោយដំណើការប្រកួតបាន ២៣សប្ដាហ៍ លីគកំពូលកម្ពុជា នៅសល់ការប្រកួតសន្សំពិន្ទុ ៣សប្ដាហ៍ទៀតប៉ុណ្ណោះ នឹងបញ្ចប់។ ក្រឡេកទៅមើលតារាងពិន្ទុបណ្ដោះអាសន្ន ក្រុមព្រះខ័នរាជស្វាយរៀង បានឈរកំពូលតារាង និងមាន ៥៩ពិន្ទុ នាំមុខក្រុមលេខ២ គឺក្រុមវិសាខា ៨ពិន្ទុឯណោះ។ ហេតុនេះ ក្នុងចំណោម ៣ប្រកួតចុងក្រោយ ពួកគេត្រូវការឈ្នះតែ ១ប្រកួត ឬត្រូវការតែ ២ពិន្ទុទៀតប៉ុណ្ណោះ នឹងគ្រងតំណែងជើងឯក ដោយស្វ័យប្រវត្តិតែម្ដង៕

 

រូបភាព៖ Metfone Cambodian League

អត្ថបទ៖ បុត្រា

មតិយោបល់