អតីតកីឡាករជម្រើសជាតិអង់គ្លេស និងជាមន្ដ្រី FIFA ម្នាក់ ត្រៀមទស្សនកិច្ច ២ថ្ងៃ នៅកម្ពុជា

មាស សុផាណារ៉ុង September 23, 2019


 

ភ្នំពេញ៖ លោក Steve McManaman អតីតកីឡាករជម្រើសជាតិអង់គ្លេស ចន្លោះ ឆ្នាំ១៩៩១-២០០១ ដែលបច្ចុប្បន្នជាមន្ដ្រីមូលនិធិសហគមន៍ នៃសហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិ (FIFA) លោកនឹងមកទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃ នៅប្រទេសកម្ពុជា នៅអង្គការ Indochina Starfish Foundation (ISF)។ នេះបើតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

ប្រភពព័ត៌មានខាងលើ បានបញ្ជាក់ថា ដំណើរទស្សនៈកិច្ចរយៈពេល ២ថ្ងៃរបស់អតីតកីឡាករដ៏ល្បីរូបនេះ ធ្វើឡើងតាមរយៈមូលនិធិសហគមន៍របស់ FIFA នៅថ្ងៃថ្ងៃទី២៥-២៦ ខែកញ្ញានេះ។

ថ្ងៃដំបូងលោកទៅទស្សនកិច្ចនៅអង្គការ Indochina Starfish Foundation ទីតាំង ISF Sport Ground នៅសង្កាត់រលួស ខណ្ឌដង្កោ និងថ្ងៃបន្ទាប់ លោកទៅទស្សនៈកិច្ចនៅទីតាំង ISF Chhar Ampov សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

គួរដឹងថា បច្ចុប្បន្នលោក Steve McManaman មានវ័យ ៤៧ឆ្នាំ ប៉ុន្ដែមុនចូលនិវត្តន៍ពីអាជីពបាល់ទាត់ក្នុងឆ្នាំ២០០៥ លោកបានលេងឲ្យក្លឹបធំៗចំនួន ៣ប៉ុណ្ណោះ ទី១-ក្លឹប Liverpool ដែលលោកចូលប្រឡូកតាំងពីក្រុមយុវជនថ្នាល រហូតដល់ក្រុមធំ ពីឆ្នាំ១៩៨៨-១៩៩៩ បង្ហាញខ្លួន ២៧២ប្រកួត និងទាត់បាល់បញ្ជូលទីបាន ៤៦គ្រាប់ មុនផ្ទេរទៅលេងឲ្យក្លឹប Real Madrid ពីឆ្នាំ១៩៩៩-២០០៣ បង្ហាញខ្លួនបាន ៩៤ប្រកួត និងទាត់បាល់បញ្ចូលទីបាន ៨គ្រាប់ និងចុងក្រោយលេងឲ្យក្លឹប Manchester City ចន្លោះឆ្នាំ២០០៣-២០០៥។

លោកបានជាប់ជម្រើសជាតិអង់គ្លេស នៅចន្លោះឆ្នាំ១៩៩៤ ដល់ឆ្នាំ២០០១ ហើយបង្ហាញខ្លួនបាន ៣៧ប្រកួត និងទាត់បញ្ចូលទីបាន ៣គ្រាប់ផងដែរ៕

 

រូបភាព៖ Sean Dempsey/PA

អត្ថបទ៖ បុត្រា

មតិយោបល់