សសយក​.កំចាយមារ ជួប ឱម៉ាល់ វគ្គផ្ដាច់ព្រ័ត្រពានបាល់ទាត់ក្នុងសាលថ្នាក់ជាតិ ឆ្នាំ២០១៩

មាស សុផាណារ៉ុង September 23, 2019


 

ភ្នំពេញ៖ ការប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាល ប្រចាំឆ្នាំ២០១៩ ( National Futsal Cup 2019 ) បានរកឃើញក្រុមឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ជាផ្លូវការហើយ បន្ទាប់ពីបានប្រកួតយ៉ាងស្វិតស្វាញក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី២២ ខែកញ្ញា ម្សិលមិញ។

សម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គឺ ស.ស.យ.ក កំចាយមារ ជួបជាមួយ ដោនថោនស្បត ស្របពេល ឱម៉ាល់ ជួបជាមួយ ហូមស្បត ដោយទាំង ៤ក្រុមនេះសុទ្ធសឹងតែជាក្រុមដែលបានឈរក្នុងនាមជាក្រុមលេខ១ និងលេខ២ ប្រចាំពូលរៀងៗខ្លួន ក្នុងការប្រកួតដំណាក់កាលទី២។

ជាលទ្ធផលគូប្រកួតដំបូង គឺ ស.ស.យ.ក កំចាយមារ ( ជាក្រុមលេខ១ ពូល A ) បានយកឈ្នះ ដោនថោនស្បត ( ជាក្រុមលេខ២ ពូល B ) ក្នុងលទ្ធផល ៥ទល់២ ហើយកីឡាករ នួន វាសនា ដែលជាអ្នកចាំទី ត្រូវបានផ្ដល់ងារជាកីឡាករឆ្នើមសម្រាប់ការប្រកួតនេះ។

ដោយឡែកការប្រកួតមួយគូទៀត គឺ ឱម៉ាល់ ( ដែលជាក្រុមលេខ១ ពូល B ) បានយកឈ្នះ ហូមស្បត ( ដែលជាក្រុមលេខ២ ពូល A ) ក្នុងលទ្ធផល ៤ទល់១ ជាមួយគ្នាផងដែរកីឡាករ កីឡាករ ឪ កាសាន់ ត្រូវបានផ្ដល់ងារជាកីឡាករឆ្នើមសម្រាប់ការប្រកួតនេះផងដែរ។

សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាងក្រុមឈ្នះទាំងពីរខខាងលើនេះ គ្រោងនឹងធ្វើឡើងនៅសប្ដាហ៍ក្រោយ។

សូមបញ្ជាក់ជាថ្មីផងដែរថា នេះគឺជារដូវកាលទី៣ ហើយដែលពានរង្វាន់បាល់ទាត់ក្នុងសាលត្រលប់មកប្រកួតសារជាថ្មី បន្ទាប់ពីបាត់មុខអស់ជាច្រើនឆ្នាំ។ ចំពោះការប្រកួតពានរង្វាន់ជើងឯកជាតិ បាល់ទាត់ក្នុងសាល ឆ្នាំ ២០១៩នេះផងដែរ ក៏នឹងមានផ្សាយផ្ទាល់ដោយស្ថានីយទូរទស្សន៍ MYTV ផ្តាច់មុខ គ្រប់ការប្រកួតដែលធ្វើឡើងនៅមជ្ឈមណ្ឌលកីឡា The BLUE។

ត្រលប់មកវិញកាលពីឆ្នាំ២០១៧ ពានរង្វាន់នេះធ្វើការប្រកួតជាលក្ខណៈថ្នាក់ជាតិ មានក្រុមចូលរួមច្រើន និងបែងចែកពូល ប្រកួតច្រើនដំណាក់កាល រហូតដល់រកជើងឯកគឺបានទៅលើ ក្រុមស.ស.យ.ក កំចាយមារ ស្របពេលដែលរដូវកាលទី២ ឆ្នាំកន្លងទៅ ប្រកួតជាលក្ខណៈលីគវិលជុំសន្សំពិន្ទុវិញ ជាមួយនឹងក្រុមចំនួន១០ចូលរួមប្រកួត លទ្ធផលជើងឯកគឺបានទៅលើក្រុម ដោនថោនស្បត ( Down Town Sport ) ដែលទើបតែបញ្ចប់ភារកិច្ចតំណាងកម្ពុជា ប្រកួតក្នុងពានក្លឹបបាល់ទាត់ក្នុងសាលប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF Futsal Club Championship 2019 ) នៅប្រទេសថៃ៕

 

រូបភាព៖ Cambodia Futsal

អត្ថបទ៖ ណារ៉ុង

មតិយោបល់