U-16 ឡាវ ចង់ឈ្នះ U-16 កម្ពុជា ដាច់ខាតក្នុងជំនួបបិទពូល J វគ្គជម្រុះពាន AFC U-16 Championship

មាស សុផាណារ៉ុង September 22, 2019


 

ឡាវ៖ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៦ឆ្នាំកម្ពុជា នឹងបន្ដការប្រកួតទី៣ របស់ខ្លួន ដោយត្រូវជួបក្រុមម្ចាស់ផ្ទះ U-16 ឡាវ នាវេលាម៉ោង ៦:៣០ ល្ងាចនេះ ក្នុងវគ្គជម្រុះពានរង្វាន់យុវជនជើងឯកអាស៊ីអាយុក្រោម ១៦ឆ្នាំ ( 2020 AFC U-16 Championship qualification ) ពូល J នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ។

នេះគឺជាការប្រកួតបង្រ្គប់កិច្ចរបស់ក្រុម U-16 កម្ពុជា ក្រោយរងបរាជ័យយ៉ាងដំណំ ២ប្រកួតជាប់ៗគ្នា ក្រោមថ្វីជើងក្រុម U-16 ម៉ាឡេស៊ី និង U-16 ជប៉ុន ដែលនាំឲ្យអស់ឱកាសឡើងទៅជុំបន្ត។ យ៉ាងណាមិញ គោព្រៃជំទង់កម្ពុជា នឹងត្រូវធ្វើការធ្ងន់ម្ដងទៀត ជាមួយ U-16 ឡាវ ដែលត្រូវការឈ្នះដាច់ខាត ហើយជាមួយគ្រាប់បាល់ច្រើនគ្រាប់ថែមទៀតផង ដើម្បីអាចក្លាយជាក្រុមលេខ ២ល្អ និងយកទៅប្រៀបធៀបជាមួយក្រុម ១០ផ្សេងទៀត និងចំពេលដែលក្រុមនេះបានយកឈ្នះ U-16 ម៉ាឡេស៊ី ដែលបានយកឈ្នះ កម្ពុជា ៧ទល់០ កាលពីជំនួបបើឆាកថែមទៀតផង។

ក្រឡេកមកមើលសមាសភាពគូប្រជែង ឡាវ វិញ ក្រុមនេះធ្លាប់ជួបជាមួយកម្ពុជា ម្ដងរួចមកហើយក្នុងពានជើងឯកយុវជនអាស៊ីអាគ្នេយ៍ ( AFF U-15 Championship 2019 ) នៅប្រទេសថៃ ដែលលទ្ធផលពេលនោះ កម្ពុជា បានរងបរាជ័យ ៣ទល់០ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩។

សូមបញ្ជាក់ថា កម្ពុជា ចូលរួមប្រកួតពានរង្វាន់ជើងឯកយុវជនអាយុក្រោម ១៦ឆ្នាំ ប្រចាំទ្វីបអាស៊ី វគ្គជម្រុះ ( AFC U16 Championship 2020 Qualifiers ) ដែលបានធ្វើឡើងពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នៅលើទឹកដីរបស់ប្រទេសឡាវ ដោយបានទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះពូល J ជាមួយ ម៉ាឡេស៊ី, ជប៉ុន និងឡាវ ខ្លួនឯងផ្ទាល់តែម្ដង។

សម្រាប់ការប្រកួតក្នុងវគ្គនេះ គឺជាវគ្គជម្រុះ ដោយយកតែក្រុមលេខ១ បូករួមជាមួយក្រុមលេខ ២ល្អ ចំនួន៥ ប៉ុណ្ណោះទើបអាចកក់កៅអីឡើងទៅជុំផ្ដាច់ព្រ័ត្រនៅឆ្នាំ២០២០ ធ្វើឡើងនៅប្រទេសសិង្ហបុរី៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់