លោក Conor Nestor ទុកការប្រកួតជាមួយ វិសាខា ថ្ងៃនេះដូចជា​ការប្រកួតវគ្គផ្ដាច់ព្រ័ត្រលីគ

មាស សុផាណារ៉ុង September 22, 2019


 

ភ្នំពេញ៖ លោក Conor Nestor គ្រូបង្វឹកនៃក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានទុកការប្រកួតទល់នឹងក្លឹបបាល់ទាត់វិសាខា នៅថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ ២០១៩ នេះថា ដូចជាការប្រកួតផ្ដាច់ព្រ័ត្រ នៃពានរង្វាន់លីគកំពូលកម្ពុជា ដ្បិតឱកាសប្រជែងពានគឺភាគរយខ្ពស់ស្ថិតនៅ ២ក្រុមនេះ។

ការប្រកួតរវាង ព្រះខ័នរាជស្វាយរៀង ជាមួយ ក្រុមបាល់ទាត់វិសាខា គឺត្រូវបានចាត់ទុកថាជាការប្រកួតមួយដែលនឹងជក់ចិត្តជាងគេបង្អស់ត្បិតព្រះខ័នរាជស្វាយរៀង និងវិសាខា គឺជាក្រុមពីរដែល​នៅសល់ឱកាសប្រជែងគ្នាក្នុងការដណ្ដើមជើងឯកលីកកំពូលកម្ពុជា រដូវកាល ២០១៩ នេះ។

ថ្លែងក្រោយឈ្នះ ភ្នំពេញក្រោន ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នៅមុនការប្រកួតមកដល់ លោក Conor Nestor បានលើកឡើងថា៖ «យើងកំពុងនៅក្នុងវគ្គផ្ដាច់​ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និងមួយទៀតគឺដូចគ្នា គឺប្រៀបដូចជាវគ្គផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់លីគកំពូលកម្ពុជា ជាមួយវិសាខា ចុងសប្ដាហ៍នេះ បើសិនជាយើងឈ្នះពានអាចនឹងជារបស់​យើង ពីព្រោះកីឡាកររបស់យើងកំពុងធ្វើការយ៉ាងធ្ងន់ ជាមួយនឹងកីឡាករល្អៗរបស់យើង ប៉ុន្តែ​បើយើងចាញ់ការប្រកួតនេះ យើងនៅមានការប្រកួតវគ្គផ្ដាច់ព្រ័ត្រដទៃទៀត ហើយក្នុងភាពជា​អាជីព នៅក្នុងបាល់ទាត់ យើងមិនខ្វល់ថាចាញ់យ៉ាងណានោះទេ យើងត្រូវតែរៀបចំឲ្យបានល្អដើម្បីជ័យ​ជម្នះ នេះគឺជាអ្វីដែលយើងគិតនៅចុងសប្ដាហ៍នេះ។»

ងាកមកតារាងចំណាត់ថ្នាក់វិញព្រះខ័នរាជស្វាយរៀង បច្ចុប្បន្នកំពុងឈរនៅកំពូលតារាង មាន៥៨​ពិន្ទុ ខណៈវិសាខា វិញឈរនៅលេខ២ ដោយមានតែ ៥០ពិន្ទុ ពោលគឺមានគម្លាតពីគ្នា ៨ពិន្ទុ​ដែល​ត្រូវប្រជែង ខណៈប្រកួតនេះបើ ព្រះខ័នរាជស្វាយរៀង បន្តយកឈ្នះ នោះនឹងបន្ថែមគម្លាតដល់ ១១​ពិន្ទុ និងត្រូវលើកពានជាផ្លូវការ ត្បិតការប្រកួតនៅសល់តែ ៣ប្រកួត បើទោះបីជាចាញ់ទាំង ៣ប្រកួតក៏ដោយ ក៏ ព្រះខ័នរាជស្វាយរៀង នៅតែអាចលើកពានបានដដែល។

សូមរំលឹកថា ជំនួបរវាងព្រះខ័នរាជស្វាយរៀង ទល់នឹង វិសាខា កាលពីជើងទី១ នៅកីឡដ្ឋានខេត្តស្វាយរៀង គឺបញ្ចប់ទៅដោយព្រះខ័នរាជស្វាយរៀង ឈ្នះ វិសាខា ៥ទល់៣។ ដោយឡែកការប្រកួតជើងទី២ រវាងក្រុមទាំងពីរ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នេះវិញ នឹងចាប់ផ្តើមនៅម៉ោង ៦និង០០ នាទីល្ងាច នាកីឡដ្ឋានវិសាខា៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់