Hun Sen Cup៖ គ្រូភ្នំពេញក្រោន និយាយក្រោយចាញ់ស្វាយរៀង ដោយបាល់ប៉េណាល់ទីយប់មិញ

មាស សុផាណារ៉ុង September 20, 2019


 

ភ្នំពេញ៖ ក្រុមភ្នំពេញក្រោន បានរងបរាជ័យទាំងសោកស្ដាយ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ លើកទី១៣ បន្ទាប់ពីចាញ់ក្រុមព្រះខ័នរាជស្វាយរៀង ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ៥-៤ ក្រោយចង់ការប្រកួត ៩០នាទីស្មើគ្នា ០-០ នៅពហុកីឡដ្ឋានជាតិ កាលពីយប់មិញ។

ក្រោយចប់ការប្រកួតលោក ស៊ុំ វណ្ណា គ្រូបង្វឹកក្រុមភ្នំពេញក្រោន បានសម្ដែងការសោកស្ដាយជាខ្លាំង បន្ទាប់ពីកូនក្រុមព្យាយាមធ្វើតាមផែនការយ៉ាងល្អ តែខ្វះសំណាងក្នុងការទាត់បាល់ប៉េណាល់ទី។ លោកថា មុនការប្រកួតវគ្គដ៏សំខាន់នេះ លោកបានសិក្សាពីព្រះខ័នរាជស្វាយរៀង យូរមកហើយ ដើម្បីរៀបចំប្រព័ន្ធលេង។ ប៉ុន្ដែយ៉ាងណាលោកបានសរសើរក្រុមទាំងពីរ ដែលធ្វើបានល្អរៀងៗខ្លួន កាលពីយប់មិញ។

លោកនិយាយថា៖ «យើងបានចាប់អារម្មណ៍ទម្រង់លេងរបស់គាត់ ហើយសិក្សាយូរមកហើយ។ អ្វីដែលយើងព្រួយបារម្ភក្នុង ៩០នាទី គឺការធ្វេសប្រហែស ព្រោះក្រុមទាំងពីរ បើសិនក្រុមណាមានឱកាសរកបាន ១គ្រាប់មុន នឹងឈ្នះ។ ចឹងយើងមិនប្រហែស ហើយបានដាស់តឿនកីឡាករតាំងពីការហ្វឹកហាត់មក។ និយាយរួមតង់ទី១ និងទី២ យើងមានឱកាសទៅវិញទៅមក។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺចប់ ៩០នាទី ក្រុមទាំងពីរ ធ្វើបានល្អដូចគ្នា។»

និយាយពីការទាត់ប៉េណាល់ទី លោកសោកស្ដាយខ្លាំង បន្ទាប់អ្នកចាំទី គង់ ច័ន្ទវុទ្ធី សង្គ្រោះបាន ១គ្រាប់ហើយ តែបែរជាអ្នកទាត់បាល់ទី៥ គឺ សឿត បារាំង ធ្វើមិនបានសម្រេច។ លោកបានបន្តថា៖ «ពាក់ព័ន្ធនឹងការត្រៀមប៉េណាល់ទី យើងក៏បានត្រៀមដែរ ព្រោះមុនប្រកួត ១ថ្ងៃ យើងបានជ្រើសរើសកីឡាករដែរ។ អញ្ចឹងកីឡាករម្នាក់ៗ បានហ្វឹកហាត់ប៉េណាល់ទី បន្ទាប់ពីយើងបានជ្រើសរើសត្រឹមត្រូវ។ ប៉ុន្ដែថ្ងៃនេះ ពួកគាត់ធ្វើមិនបានល្អ ដោយសារការសម្រេចចិត្តរបស់គាត់អត់បានល្អ ធ្វើឲ្យយើងបរាជ័យ។»

គួរដឹងថា នេះគឺជាប្រវត្តិច្រំដែល ដែលភ្នំពេញក្រោន បានរងបរាជ័យក្រោមថ្វីជើងក្រុមព្រះខ័នរាជស្វាយរៀង ដោយប៉េណាល់ទី ដ្បិតកាលពីឆ្នាំ២០១៦ ក៏ឈានដល់ការទាត់ ១១ម៉ែត្រដែរ ក្រោយប្រកួត ៩០នាទីស្មើគ្នា ០-០ ដូចគ្នា។

ដូច្នេះជ័យជម្នះរបស់ព្រះខ័នរាជស្វាយរៀង បានធ្វើឲ្យពួកគេ ឡើងវគ្គផ្ដាច់ព្រ័ត្រជួបបឹងកេត នាថ្ងៃទី០៩ ខែវិច្ឆិកាខាងមុខ ដើម្បីដណ្ដើមជើងឯក ខណៈភ្នំពេញក្រោន ត្រូវជួបវិសាខា ដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ៣ នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩៕

 

អត្ថបទ៖ បុត្រា

មតិយោបល់