AFC U-16៖ កម្ពុជា ប៉ះក្រុមការពារតំណែងជើងឯកជប៉ុន រសៀលនេះ នៅឡាវ

មាស សុផាណារ៉ុង September 20, 2019


 

ឡាវ៖ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៦ឆ្នាំកម្ពុជា នឹងបន្ដការប្រកួតទី២ របស់ខ្លួន ដោយត្រូវជួបក្រុមការពារតំណែងជើងឯក U-16 ជប៉ុន នាវេលាម៉ោង ៣រសៀលនេះ ក្នុងវគ្គជម្រុះពានរង្វាន់យុវជនជើងឯកអាស៊ីអាយុក្រោម ១៦ឆ្នាំ AFC U-16 Championship 2020 ពូល J នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ។

នេះគឺជាការប្រកួតកំណត់ជោគវាសនារបស់ក្រុម U-16 កម្ពុជា ក្រោយរងបរាជ័យយ៉ាងដំណំកាលពីប្រកួតបើកឆាក ក្រោមថ្វីជើងក្រុម U-16 ម៉ាឡេស៊ី។ គោព្រៃជំទង់កម្ពុជា ត្រូវធ្វើការងារធ្ងន់បំផុត ជាមួយក្រុម U-16 ជប៉ុន បើចង់រក្សាឱកាសប្រជែងកៅអីវគ្គបន្ដ តែបើបរាជ័យនឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិសាស្ដ្រតែម្ដង ទោះសល់ ១ប្រកួតក្នុងដៃក៏ដោយ។

លោក Inoue Kazunori គ្រូបង្វឹកក្រុម U-16 កម្ពុជា ធ្លាប់បានលើកឡើងថា ក្រុមដែលជាក្ដីកង្វល់ក្នុងបេសកកម្មលើកនេះ គឺក្រុម U-16 ជប៉ុននេះឯង ក្រោយលោកសិក្សាពីមិត្តភ័ក្ដ្រជនជាតិជប៉ុនដូចគ្នា ឃើញថាក្រុមការពារតំណែងជើងឯកមួយនេះ មានការរៀបចំមិនធម្មតា។ តែលោកនៅតែរំពឹងកូនក្រុម នឹងព្យាយាមធ្វើឲ្យបានល្អបំផុត ទោះបីបញ្ចប់ដោយលទ្ធផលបែបណាក៏ដោយ។

គួរបញ្ជាក់ថា បេសកកម្មនេះ ក្រុមគោព្រៃជំទង់កម្ពុជា ស្ថិតក្នុងពូល J ជាមួយគូប្រជែង ៣ក្រុមទៀត រួមមានក្រុម U-16 ជប៉ុន, ម៉ាឡេស៊ី និងម្ចាស់ផ្ទះឡាវ។ ចំពោះកម្មវិធីប្រកួតកម្ពុជា បានប៉ះម៉ាឡេស៊ីរួចហើយ មុនបន្ដជួបក្រុម U-16 រសៀលនេះ បន្ទាប់មកទើបជួបក្រុម U-16 ឡាវក្រោយគេ នាថ្ងៃទី២២ ខែកញ្ញាចុងសប្ដាហ៍នេះ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា – ສະຫະພັນບານເຕະແຫ່ງຊາດລາວ Lao Football Federation

អត្ថបទ៖ បុត្រា

មតិយោបល់