U-16 កម្ពុជា ចាញ់ U-16 ម៉ាឡេស៊ី ចាស់ដៃ ក្នុងជំនួបបើកពូលវគ្គជម្រុះពាន AFC U-16 Championship

មាស សុផាណារ៉ុង September 18, 2019


 

ឡាវ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៦ឆ្នាំ បាន​ប្រកួត​ចាញ់ ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី អាយុ​ក្រោម១៦​ឆ្នាំ ដោយ​លទ្ធផល ៧ទល់នឹង០ នៅកីឡដ្ឋាន National Stadium KM16 ក្នុងការ​ប្រកួតវគ្គជម្រុះ ពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម ១៦ឆ្នាំ ( 2020 AFC U-16 Championship qualification ) នៅ​ប្រទេស​ឡាវ ជំនួប​បើកឆាក​នេះ ក្នុង​ទីក្រុងវៀងច័ន្ទន៍ ប្រទេស​ឡាវ នា​យប់​ថ្ងៃពុធ ទី១៨​ ខែកញ្ញា ឆ្នាំ២០១៩​។​

នៅក្នុងការប្រកួតនេះ ម៉ាឡេស៊ី បានបើកការនាំមុខមុនដល់ទៅ ៤គ្រាប់នៅវគ្គទី១ ដោយគ្រាប់​បាល់​ទាំង ៤កើតឡើងត្រឹមរយៈពេលតែ ៣០នាទីប៉ុណ្ណោះ ពោលគឺគ្រាប់ដំបូងទាត់បាល់បញ្ចូលទីដោយ​កីឡាករ Adam Uwais នៅនាទីទី៧ មុននឹងកីឡាករ Adam Farhan បន្ថែមគ្រាប់ទី១៦ និង ២គ្រាប់ចុងក្រោយធ្វើបានសម្រេចដោយកីឡាករ Akid Zamri នៅនាទីទី២២ និង៣០ និងបានរក្សាលទ្ធផល ៤-០ នេះដល់ចប់ការប្រកួតវគ្គទី១។

ចូលដល់វគ្គទី២ ម៉ាឡេស៊ី នៅតែបន្តមានប្រៀប និងបានព្យាយាមបន្ថែមគ្រាប់បាល់ ៣គ្រាប់បន្ថែមទៀត ដែលធ្វើបានសម្រេចដោយកីឡាករ Harry Danish នៅនាទី៥២ បន្ទាប់មកនៅនាទី៦៤ កីឡាករ Nabil Qayyum និងគ្រាប់ចុងក្រោយធ្វើបានសម្រេចដោយកីឡាករ Khairil Mohd Zain នៅនាទី៩០+១ ហើយរក្សាលទ្ធផល ៧-០ ដល់ចប់ការប្រកួត ៩០នាទីពេញ។

បរាជ័យ​នេះ នាំ​ឲ្យ​កម្ពុជា ស្ថិតនៅលេខ៤ បាតតារាងដោយមាន ០ពិន្ទុ និងរបូតគ្រាប់បាល់៧គ្រាប់ ខណៈម៉ាឡេស៊ី ឡើងកំពូលតារាងបណ្ដោះអាសន្ន ស្របពេលការប្រកួតតំណាលគ្នានៅរសៀលថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៩  ក្រុមបាល់ទាត់ជម្រើសជាតិឡាវ អាយុក្រោម១៦ឆ្នាំ បានប្រកួតចាញ់ ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន អាយុក្រោម១៦ឆ្នាំ ០-៤ ផងដែរ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា | Football Association of Malaysia (Official)

អត្ថបទ៖ ណារ៉ុង

មតិយោបល់