U-16 កម្ពុជា បន្តចាញ់ចាស់ដៃក្រោមថ្វីជើង U-16 ជប៉ុន ក្នុងជំនួបទី២ វគ្គជម្រុះពាន AFC U-16 Championship

មាស សុផាណារ៉ុង September 20, 2019


 

ឡាវ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៦ឆ្នាំ បាន​ប្រកួត​ចាញ់ ក្រុម​ជម្រើសជាតិ​ជប៉ុន អាយុ​ក្រោម១៦​ឆ្នាំ ដោយ​លទ្ធផល ០ទល់នឹង៨ នៅកីឡដ្ឋាន National Stadium KM16 ក្នុងការ​ប្រកួតវគ្គជម្រុះ ពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម ១៦ឆ្នាំ ( 2020 AFC U-16 Championship qualification ) នៅ​ប្រទេស​ឡាវ ជំនួប​ទី២ ក្នុង​ទីក្រុងវៀងច័ន្ទន៍ ប្រទេស​ឡាវ នា​ល្ងាច​ថ្ងៃសុក្រ ទី២០​ ខែកញ្ញា ឆ្នាំ២០១៩​។​

នៅក្នុងការប្រកួតនេះ ជប៉ុន បានបើកការនាំមុខមុន ៣គ្រាប់នៅវគ្គទី១ ដោយគ្រាប់​បាល់​ទាំង៣ ទាត់បាល់បញ្ចូលទីនៅនាទីទី៣, នាទី១១ និងនាទី១៤ និងបានរក្សាលទ្ធផល ០-៣ នេះដល់ចប់ការប្រកួតវគ្គទី១។ ចូលដល់វគ្គទី២ ជប៉ុន នៅតែបន្តមានប្រៀប និងបានព្យាយាមបន្ថែមគ្រាប់បាល់ ៥គ្រាប់បន្ថែមទៀត ដែលធ្វើបានសម្រេចនៅនាទី៤៩, ៥៦, ៥៨, ៦២ និង ៨៧ ហើយរក្សាលទ្ធផល ០-៨ ដល់ចប់ការប្រកួត ៩០នាទីពេញ។

បរាជ័យ​នេះ នាំ​ឲ្យ​កម្ពុជា អស់ឱកាសឡើងជុំបន្ត ហើយត្រូវស្ថិតនៅលេខ៤ បាតតារាងដោយមាន ០ពិន្ទុ និងរបូតគ្រាប់បាល់ ១៥គ្រាប់ ហើយប្រកួតចុងក្រោយត្រូវជួប U-16 ម្ចាស់ផ្ទះឡាវ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់