ឃឹម បុរី៖ «កង្វះខាតការការពារជាក្រុម ធ្វើឲ្យយើងបាត់បងឱកាសការពារតំណែងជើងឯកលីគ»

មាស សុផាណារ៉ុង September 18, 2019


 

ភ្នំពេញ៖ ខណៈដែលការប្រកួតចំនួន ២២ ប្រកួតបានកន្លងផុត និងនៅសល់ ៤ប្រកួតទៀតទើបបញ្ចប់ ក្រុមណាហ្គាវើលដ៍ កំពុងមាន ១១ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាងលីគ ព្រះខ័នរាជស្វាយរៀង ដែលមានន័យថាពួកគេទំនងជាខកខានក្នុងការការពារតំណែងជើងឯកលីគកំពូលកម្ពុជារដូវកាលនេះ។

យ៉ាងណាមិញណាហ្គាវើលដ៍ បានរបូតគ្រាប់បាល់លីគចំនួន ១៧គ្រាប់ក្នុងរដូវកាលនេះ ខណៈដែលពួកគេគឺជាក្រុមទី២ ដែលរបូតគ្រាប់បាល់តិចបំផុតបន្ទាប់ពីការប្រកួត ២២លើក ប៉ុន្តែអតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិកម្ពុជារូបនេះ ដែលត្រូវបានប្ដូរឲ្យមកលេងជាខ្សែការពារនៅណាហ្គាវើល បានពន្យល់ថាកង្វះខាតការការពារជាក្រុម គឺជាមូលហេតុដែលនាំឲ្យក្រុម លោក មាស ចាន់ណា បាត់បង់ឱកាសប្រជែងជើងឯកលីគ។

ក្រុមជើងឯកលីគកំពូលកម្ពុជាកាលពីឆ្នាំមុន បានយកឈ្នះខេត្តកំពង់ចាម ក្នុងលទ្ធផល ៣ទល់០ កាលពីសប្តាហ៍មុន ដោយក្នុងនោះមួយគ្រាប់ធ្វើបានដោយកីឡាករ ឃឹម បុរី ផងដែរ និងចាត់ទុកថាជាគ្រាប់បាល់ទី២ នៅរដូវកាលនេះ។

កីឡាករវ័យ ៣២ឆ្នាំរូបនេះ បានប្រាប់គេហទំព័រ camsports.org ថា៖ «ជ័យជម្នះ ៣ទល់០ គឺជាលទ្ធផលល្អសម្រាប់ពួកយើង។ កំពង់ចាម មានការរីកចម្រើនល្អ ខណៈដែលពួកគេបានចុះកុងត្រាជាមួយកីឡាករថ្មីក្នុងស្រុក និងបរទេសជាច្រើនរូប។ ទម្រង់លេងរបស់ពួកគេនិងជាពិសេសការការពាររបស់ពួកគេគឺមានភាពប្រសើរច្រើន។»

ជុំវិញការដាក់ឲ្យលេងជាខ្សែការពារ ឃឹម បុរី បានបន្ថែមថា៖ «គ្រូបង្វឹកដាក់ឲ្យខ្ញុំលេងជាខ្សែការពារ។ មិនថាអ្នកលេងកន្លែងណាទេ រឿងសំខាន់គឺត្រូវយល់ពីតួនាទីរបស់អ្នក និងយុទ្ធសាស្ត្ររបស់ក្រុម។វាជាគ្រាប់បាល់ទី២ របស់ខ្ញុំនៅរដូវកាលនេះ ប៉ុន្តែខ្ញុំបានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទី ( Asssits ) ចំនួន ៩ដង ក្នុងរដូវកាលនេះ។»

ចំពោះការប្រជែងពានវិញ កីឡាករដដែលរូបនេះបានបន្ថែមថា៖ «ក្តីសង្ឃឹមរបស់យើងក្នុងការការពារតំណែងជើងឯកលីគរបស់យើងជិតចប់ហើយ ហើយយើងមានការសោកស្តាយដែលមិនអាចឈ្នះពានរង្វាន់នេះម្តងទៀត។ ទោះយ៉ាងណាយើងចាំបាច់ត្រូវឈ្នះការប្រកួតដែលនៅសល់ដើម្បីដណ្តើមបានចំណាត់ថ្នាក់លេខ២។ ការការពាររបស់ក្រុមយើងមិនល្អឡើយ ហើយវាធ្វើឲ្យប៉ះពាល់យើងច្រើន។ ដូច្នេះយើងមិនអាចការពារតំណែងជើងឯករបស់យើងបានឡើយ។»

សូមបញ្ជាក់ថា ណាហ្គាវើលដ៍ បច្ចុប្បន្នកំពុងស្ថិតនៅលេខ៣ ដោយមាន ៤៧ពិន្ទុក្នុងដៃ និងតាមពីក្រោយក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង ១១ពិន្ទុ ហើយការប្រកួតនៅសល់ចំនួន ៤ប្រកួតទៀតបញ្ចប់៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់