មុនជួបកម្ពុជា ខ្សែប្រយុទ្ធជម្រើសជាតិអ៊ីរ៉ង់ ទាត់ចូលក្នុង Champions League យប់មិញជាមួយ Zenit

មាស សុផាណារ៉ុង September 18, 2019


 

អ៊ឺរ៉ុប៖ សមាជិកនៃក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ កីឡាករ Sardar Azmoun បានក្លាយជាកីឡាករដំបូងគេដែលនៅរដូវកាល ២០១៩-២០២០ នៃក្របខ័ណ្ឌកំពូលប្រចាំទ្វីបអ៊ឺរ៉ុប ( UEFA Champions League ) ជាមួយក្លឹបដែលខ្លួនកំពុងប្រកបអាជីព Zenit Saint Petersburg។

គ្រាប់បាល់ដំបូងក្នុងក្របខណ្ឌកំពូលដដែលនេះ ធ្វើបានដោយកីឡាករ Sardar Azmoun នាជំនួបបើកពូល G ទល់នឹងម្ចាស់ផ្ទះ Lyon តាំងពីនាទី៤១ ប៉ុន្តែលទ្ធផលចុងក្រោយបានបញ្ចប់ទៅដោយស្មើគ្នា ១ទល់១ ស្របពេលដែល Sardar Azmoun ក៏ត្រូវបានផ្លាស់ប្ដូរចេញផងដែរនៅវគ្គទី២ ដោយសារបញ្ហារបួស។

និយាយដោយឡែក កីឡាករ Sardar Azmoun មិនយូរមិនឆាប់នឹងត្រូវប្រកួតតទល់នឹងក្រុមគោព្រៃកម្ពុជា ក្នុងវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ប្រចាំទ្វីបអាស៊ី ( 2022 FIFA World Cup qualification ) ក៏ដូចជាពានរង្វាន់ជើងឯកទ្វីបអាស៊ី ( AFC Asian Cup 2023 ) ដ្បិតជម្រើសជាតិអ៊ីរ៉ង់ ស្ថិតនៅពូល C រួមគ្នាជាមួយកម្ពុជា, អ៊ីរ៉ាក់, បារ៉ែន និងហុងកុង ហើយស្របពេលដែលកីឡាកររូបនេះ គឺជាប់ជម្រើសជាតិ តាំងពីឆ្នាំ២០១៤។

Sardar Azmoun ប្រកួតទល់នឹង ព័រទុយហ្គាល់ កាលពី World Cup 2018

តាមគម្រោង ក្នុងជំនួបទី៣ ប្រចាំពូល C អ៊ីរ៉ង់ នឹងបើកទ្វារទទួល កម្ពុជា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះនៅកីឡដ្ឋាន Azadi Stadium ដែលជាទឹកដីរបស់អ៊ីរ៉ង់ផ្ទាល់។

សូមបញ្ជាក់ផងដែរថា ក្នុងពូល C ដដែលនេះ អ៊ីរ៉ង់ កំពុងស្ថិតនៅលើកម្ពុជា ដោយឈរនៅលេខ២ បន្ទាប់ពីប្រកួតបានមួយដង ឈ្នះហុងកុង ០ទល់២ ស្របពេលដែលកម្ពុជា កំពុងនៅលេខ៤ ក្រោយប្រកួត ២ដង ស្មើ១ និងចាញ់១៕

 

រូបភាព៖ UEFA Champions League | FIFA.com

អត្ថបទ៖ ណារ៉ុង

មតិយោបល់