វិសាខា ឬបឹងកេត ឡើងវគ្គផ្ដាច់ព្រ័ត្រពាន Hun Sen Cup លើកដំបូងល្ងាចនេះ?

មាស សុផាណារ៉ុង September 18, 2019


 

ភ្នំពេញ៖ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ លើកទី១៣ នឹងចាប់ផ្ដើមប្រកួតនាល្ងាចថ្ងៃពុធនេះ ១គូហើយ រវាងក្រុមវិសាខា និងក្រុមបឹងកេត នៅពហុកីឡដ្ឋានជាតិ។

មុនជួបគ្នាល្ងាចនេះ លោក Akeeb Tunji Ayoyinka គ្រូបង្វឹកវិសាខា និងលោក ហៅ សុជាតិ គ្រូបង្វឹកបឹងកេត ធ្លាប់បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្រដៀងគ្នាថា ក្រុមទាំងពីរ បានត្រៀមខ្លួនហើយជាស្រេច សម្រាប់ការប្រកួតដ៏សំខាន់នេះ ដោយពួកលោកសុទ្ធតែជឿជាក់លើកូនក្រុមរៀងៗខ្លួន។ ហេតុនេះ ទាំងគ្រូវិសាខា ទាំងគ្រូបឹងកេត សុទ្ធតែមានក្ដីរំពឹងខ្ពស់ ក្នុងការប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រល្ងាចនេះ។

គួរដឹងថា នេះគឺជាលើកដំបូងហើយ ដែលវិសាខា និងបឹងកេត បានជួបគ្នាក្នុងពានសម្ដេចតេជោនាយករដ្ឋមន្ដ្រី ប៉ុន្ដែបឹងកេត មានបទពិសោធន៍ធ្លាប់ប្រកួតពាននេះ ៧លើករួចមកហើយ តែពុំធ្លាប់បានឡើងវគ្គផ្ដាច់ព្រ័ត្រឡើយ។ ឯវិសាខា ទើបតែជាលើកទី២ ដែលបានចូលរួមប្រកួតពាននេះ ខណៈឆ្នាំ២០១៨ ពួកគេបានធ្លាក់ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ។ ដូច្នេះល្ងាចនេះ តើវិសាខា ឬបឹងកេត ជាអ្នកបង្កើតកំណត់ត្រាឡើងវគ្គផ្ដាច់ព្រ័ត្រលើកដំបូង?

សូមបញ្ជាក់ថា បន្ទាប់ពីចប់ការប្រកួតល្ងាចនេះ ក្រុមឈ្នះនឹងត្រូវឈរចាំនៅវគ្គផ្ដាច់ព្រ័ត្រ ដោយរងចាំអ៊ុតលទ្ធផលការប្រកួត រវាងក្រុមភ្នំពេញក្រោន និងក្រុមព្រះខ័នរាជស្វាយរៀង ដែលនឹងធ្វើឡើងនាវេលាម៉ោង ៦ល្ងាច នៅពហុកីឡដ្ឋានជាតិដូចគ្នា នាល្ងាចថ្ងៃទី១៩ ខែកញ្ញាស្អែក ។ ចំពោះសំបុត្រចូលទស្សនា គឺមានលក់ផ្ទាល់ នៅពហុកីឡដ្ឋានជាតិ៕

ចាំមើលតើវិសាខា ឬបឹងកេត នឹងត្រូវឡើងវគ្គផ្ដាច់ព្រ័ត្រ ឈរចាំក្រុមភ្នំពេញក្រោន ឬក្រុមព្រះខ័នរាជស្វាយរៀង ដែលនឹងត្រូវប្រកួតនាថ្ងៃទី១៩ ខែកញ្ញាស្អែក?

 

អត្ថបទ៖ បុត្រា

មតិយោបល់