៥០ថ្ងៃមុន U-16 កម្ពុជា ចាញ់ ម៉ាឡេស៊ី ខណៈល្ងាចនេះត្រូវតតាំងគ្នាម្ដងទៀតក្នុងវគ្គជម្រុះ AFC U16 Championship

មាស សុផាណារ៉ុង September 18, 2019


 

ឡាវ៖ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៦ឆ្នាំកម្ពុជា នឹងបើកយុទ្ធនាការប្រកួតពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម ១៦ឆ្នាំ ( AFC U16 Championship 2020 Qualifiers ) វគ្គជម្រុះ ប្រចាំពូល J នៅល្ងាចម៉ោង ៦:៣០ ថ្ងៃពុធនេះ ដោយត្រូវជួបក្រុម U-16 ម៉ាឡេស៊ី មុនគេ នៅកីឡដ្ឋាន National Stadium KM16 នាទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ។

នេះគឺជាបេសកកម្មថ្មីមួយទៀតរបស់ក្រុមគោព្រៃជំទង់កម្ពុជា ក្នុងឆ្នាំ២០១៩ ខណៈក្រុមនេះភាគច្រើនជាយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម​ ១៥ឆ្នាំ ដែលសហព័ន្ធទើបតែសម្រិតសម្រាំងបាន កាលពីដើមខែមីនា ជាមួយនឹងការធ្វើតេស្តសមត្ថភាពរយៈពេល ៣ថ្ងៃ ក្រោមការសង្កេត និងជ្រើសរើសដោយផ្ទាល់ពី លោក Inoue Kazunori ហើយបានប្រកួតក្នុងពានរង្វាន់ ២ផ្សេងទៀតកាលពីសីហា ពោលគឺ ពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍ ( AFF U-15 Championship 2019 ) នៅប្រទេសថៃ និងពានរង្វាន់ក្រៅផ្លូវការថ្មីៗនេះ នៅប្រទេសចិន «Jinshan Cup» International Youth Football Championship 2019។

ក្រឡេកមកមើលសមាសភាពគូប្រជែង ម៉ាឡេស៊ី វិញ ក្រុមនេះធ្លាប់ជួបជាមួយកម្ពុជា ម្ដងរួចមកហើយក្នុងពានជើងឯកយុវជនអាស៊ីអាគ្នេយ៍ ( AFF U-15 Championship 2019 ) នៅប្រទេសថៃ ដែលលទ្ធផលពេលនោះ កម្ពុជា បានរងបរាជ័យ ២ទល់០ ដោយ ២គ្រាប់នេះបានរបូតនៅត្រឹម ៣នាទីដោយការធ្វេសប្រហែស។

សូមបញ្ជាក់ថា កម្ពុជា ចូលរួមប្រកួតពានរង្វាន់ជើងឯកយុវជនអាយុក្រោម ១៦ឆ្នាំ ប្រចាំទ្វីបអាស៊ី វគ្គជម្រុះ ( AFC U16 Championship 2020 Qualifiers ) ដែលនឹងធ្វើឡើងពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នៅលើទឹកដីរបស់ប្រទេសឡាវ ដោយបានទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះពូល J ជាមួយ ម៉ាឡេស៊ី, ជប៉ុន និងឡាវ ខ្លួនឯងផ្ទាល់តែម្ដង៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់